រយៈពេល០៦ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចជាង១.៤ម៉ឺនតោនទៅកាន់ប្រទេសចំនួន១៧ កើនឡើងជិត៤០០ភាគរយ (មានវីដេអូ)

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញម្រេចចំនួន១៤.៥៦១.៦២តោនទៅកាន់ប្រទេសចំនួន១៧ ដែលមានការកើនឡើងចំនួន៣៩៨.៧៦% ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ប្រទេសចំនួន១៧ ដែលកម្ពុជាបាននាំចេញម្រេចជាង១.៤ម៉ឺនតោននេះ រួមមាន៖ ទី១៖ ប្រទេសប៊ែលហ្សិក ចំនួន១០,៦៣តោន ទី២៖ កាណាដា ចំនួន០,៥២តោន ទី៣៖ សាធារណរដ្ឋឆេក ចំនួន៦,១០តោន ទី៤៖ បារាំងចំនួន១៩,០១តោន ទី៥៖អាល្លឺម៉ង់ ចំនួន១៦០,៥៧តោន ទី៦៖ ឥណ្ឌា ចំនួន៤២តោន ទី៧៖ ជប៉ុន ចំនួន២,៥៨តោន ទី៨៖ កូរ៉េ ចំនួន១,៥៥តោន ទី៩៖ ប៉ូឡូញ ចំនួន៧,០៩តោន ទី១០៖ រុស្សី ចំនួន០,៣១តោន ទី១១៖ ស៊ុយអ៊ែត ចំនួន១,២៩តោន ទី១២៖ ស្វីស ចំនួន០,៤៨តោន ទី១៣៖ កោះតៃវ៉ាន់ ចំនួន១៥តោន ទី១៤៖ អង់គ្លេស ចំនួន១,២៤តោន ទី១៥៖ ប្រទេសអារ៉ាប់រួម ចំនួន០,០១តោន ទី១៦៖ សហរដ្ឋអាមេរិក ចំនួន ១,៧៥ តោន និងទី១៧៖ វៀតណាម ចំនួន ១.៤ តោន ។

លោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធម្រេច និងគ្រឿងទេសបានបញ្ជាក់ថា តម្លៃម្រេចនៅក្នុងឆ្នាំ២០២១នេះ មានការកើនឡើងប្រមាណ១ដុល្លារក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០២០ ។ នៅឆ្នាំ២០២០ តម្លៃម្រេចចំនួនពី២ដុល្លារ ទៅ២.៥ដុល្លារ មកដល់ឆ្នាំ២០២១នេះតម្លៃ៣.៥ដុល្លារ ទៅ៣.៨ដុល្លារក្នុង១គីឡូក្រាម ។ លោកបន្តថា ការនាំចេញម្រេចរបស់កម្ពុជា ភាគច្រើននាំចេញតាមរយៈប្រទេសវៀតណាម ខណៈនាំចេញទៅកាន់ផ្ទាល់នៅប្រទេសទីផ្សារមានចំនួនតិចតួច ។ លោកបន្ថែមថា ប្រសិនបើកម្ពុជាអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិននោះ វានឹងអាចជួយឲ្យកម្ពុជាមានការវិនិយោគកែច្នៃសំអាតម្រេច ក្នុងការនាំចេញបានកាន់តែច្រើន ។ កម្ពុជាមានសមត្ថភាពផលិតម្រេច បានប្រមាណ៣ម៉ឺនតោនក្នុងមួយឆ្នាំ ។ ក្នុងនាមសហព័ន្ធម្រេច និងគ្រឿងទេស លោក ចាន់ ពេជ្រ ចង់អោយមានកិច្ចព្រមព្រៀងនាំចេញម្រេចកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយសង្ឃឹមថា ទីផ្សារចិននឹងជួយកម្ពុជាក្នុងការពង្រឹងទីផ្សារថ្មី ព្រមទាំងតម្លៃកាន់តែល្អប្រសើរ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner