ទីបំផុត! អាមេរិកថាពលរដ្ឋខ្លួនចាក់វ៉ាក់សាំងគ្រប់ដូសទី២ហើយ មិនបាច់ថែមដូសទី៣ទេ
បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមន្ត្រីពាក់ព័ន្ធនៅសហរដ្ឋអាមេរិក កាលពិថ្ងៃទី១២ កក្កដាម្សិលមិញរួចមក សេចក្តីសម្រេចបានបញ្ជាក់ជាថ្មី ថា ជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងពេញលេញ គ្រប់២ដូសរួចហើយ មិនចាំបាច់ចាក់ដូសទី៣បន្ថែមទៀតនោះទេ។
ការសម្រេចនេះ ក្រោយពេលដែលអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតទេ សម្រាប់ប្រជាជនដែលបានទទួលវ៉ាក់សាំងបង្ការ ២ដូសរួច ខណៈដែលប្រទេសផ្សេងទៀតមិនទាន់បានទទួលវ៉ាក់សាំងការពារសម្រាប់ចាក់ឱ្យប្រជាជនខ្លួនផង។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Pfizer ថាខ្លួនគ្រោងនឹងស្នើសុំអនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣បន្ថែមទៀត ដោយផ្អែកលើភស្តុតាងនៃហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ ឌែលតា៕