លោកជំទាវ ព្រំ សុភី អញ្ជើញជាអធិបតីក្នុងពិធីចុះអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការញែកសំរាមដល់កុមារ និងអបអរសាទរទិវាដីសើមអន្តរជាតិឆ្នាំ២០២០
ព្រះវិហារ៖ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារក្រសួងបរិស្ថានបានអញ្ជើញក្នុងកម្មវិធីចុះអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការញែកសំរាមដល់កុមារ និងអបអរសាទរទិវាដីសើមអន្តរជាតិឆ្នាំ២០២០ និងលោកស្រី មាស ច័ន្ទធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលមានការចូលរួមពីអាជ្ញាធរដែនដី គណកម្មាធិការសហគមន៍ មន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបចូលរួម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងពិធីអប់រំដល់សិស្សានុសិស្សលោកជំទាវព្រំ សុភី បានលើកឡើងថា៖សំណល់គឺជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ ប្រជាជនជាពិសេសស្ត្រីនិងកុមារតូចៗ ដូចជាប៉ះពាល់ផ្លូវដង្ហើម កើតមានជម្ងឺសើរស្បែក បណ្តាលឱ្យកើតមានជម្ងឺរាំរ៉ៃផ្សេងៗ បង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅទីសាធារណៈ សោភណ្ឌភាពសាលារៀន។
ការចេះទុកដាក់ និងបែងចែកសំណល់ទៅតាមប្រភេទជួយក្នុងការកាត់បន្ថយបរិមាណសំណល់ និងអាចទទួលបានប្រាក់កម្រៃ ថែមទៀតផង។ ចំណេះដឹងនេះជាបំនិនជីវិតមួយមិនសម្រាប់តែដើម្បីលើកកម្ពស់សុខុមាលភាពបរិស្ថាន តែដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ព្រមទាំងទប់ស្កាត់ការបំពុលនានាដែលនាំឱ្យប៉ះពាល់ដល់ការគាំពារ និងអភិវឌ្ឍកុមារ។
លោកជំទាវបន្តទៀតថា៖ការផ្តល់ចំណេះដឹងនេះដល់កុមារតាំងពីដំបូង ជាចំណុចចាប់ផ្តើមមួយដែលនាំឱ្យសកម្មភាពថែទាំបរិស្ថានធានាបានប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់កិច្ចគាំពារបិរស្ថាន ព្រមទាំងជីវិតដ៏ប្រសើរចំពោះប្រជាជាតិកម្ពុជានៅទូទាំងប្រទេស។ ដូច្នេះហើយចំណេះដឹងបរិស្ថាន ជាធនធានមួយដែលកុមារទាំងឡាយគួរតែទទួលបានតាំងពីវ័យដំបូងនៃការលូតលាស់ផ្នែកកាយសម្បទា និងបញ្ញា ស្មារតី ដើម្បីជាការបណ្តុះចិត្តស្រឡាញ់ និងឆន្ទះចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការថែរក្សាជីវៈចម្រុះ និងការរស់នៅប្រកបដោយសុខុមាលភាព។
គួរបញ្ជាក់ថា៖ពិធីនេះរៀបចំនៅសាលាបឋមសិក្សាសំបូរ ដោយសហការជាមួយ (អគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន ) (អង្គការមូលនិធិសត្វក្រៀលអន្តជាតិ International Crane Foundation )ដែលស្ថិតក្នុងភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារក្នុងគោល បំណង អប់រំ និងណែនាំសិស្សានុសិស្សកម្រិតបឋមសិក្សាពីប្រភេទសំរាម ផលប៉ះពាល់ពីសំណល់រឹង/សំរាមចំពោះសុខភាព និងបរិស្ថានព្រមទាំងសារៈសំខាន់ នៃការញែក ឬបែងចែកសំណល់/សំរាម និងអនុវត្តការញែកសំរាម៕ធ.ដ