ពលរដ្ឋ​​គុយបា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ខណៈ​ប្រធានាធិបតី​ចោទ​ថា​អាមេរិក​នៅ​ពី​ក្រោយ

ហ៊ីម រដ្ឋា

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១ កក្កដា ប្រជាជន​គុយបា​រាប់ពាន់​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​ ដោយ​បាន​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ហើយ​បាតុករ​ខ្លះ​បាន​ទាមទារ​ឱ្យ​បញ្ចប់​របប​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​គុយបា​ទៀត​ផង​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​គុយបា​លោក Miguel Díaz-Canel បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​បញ្ហា​នៅ​កោះ​នេះ។

បាតុកម្ម​ដំបូង​ឡើយ​បាន​កើតឡើង​ក្រោម​ទ្រង់ទ្រាយ​តូច​នៅ​ស្រុក St Antonio de los Banosជាយ​រដ្ឋធានី​ហាវ៉ាណា។ បាតុករ​នៅ​ទីនោះ​បាន​ស្រែក​បន្ទរ​ថា «សេរីភាព» និង «យើង​មិន​ខ្លាច​ទេ» ហើយ​ខ្លះ​ទៀត​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Diaz-Canel ចុះ​ចេញ​ពី​តំណែង​ទៀត​ផង​។ វីដេអូ និង​រូបភាព​អំពី​ការ​តវ៉ា​នេះ​ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​រីក​សាយ​ភាយ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​​ទូទាំង​ប្រទេស​គុយបា។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN បាន​ឱ្យ​ដឹង​ថា បាតុករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​ប៉ូលិស​។ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបែក​ហ្វូង​បាតុករ។ ជាមួយ​គ្នា​នេះ​ អំពើ​ហិង្សា​ក៏​បាន​កើត​ឡើង​ផង​ដែរ ដោយ​ក្រុម​បាតុករ​បាន​បំបះ​រថយន្ត​របស់​ប៉ូលិស ហើយ​គប់​ដុំ​ថ្ម​ទៅ​កាន់​កងកម្លាំង​បង្ក្រាប​បាតុកម្ម។

នេះ​ជា​បាតុកម្ម​ដ៏​កម្រ​បំផុត​ក្នុង​គុយបា ដោយ​លើក​ចុង​ក្រោយ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​ការ​តវ៉ា​ដ៏​ធំ​បែប​នេះ​គឺ​តាំង​ពី​ឆ្នាំ១៩៩៤ មក​ម្ល៉េះ ដោយ​នៅ​ពេល​សេដ្ឋកិច្ច​គុយបា​ត្រូវ​បាន​ដួល​រលំ​ ពី​ព្រោះ​ការ​បាត់បង់​ជំនួយ​ពី​សហភាព​សូវៀត​។

ភ្លាមៗ​នោះ​កម្មវិធី​ទូរទស្សន៍​នានា​ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ចាក់​បញ្ចាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA Euro 2020 រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​អ៊ីតាលី​ត្រូវ​បាន​បង្អាក់ ដោយ​សុន្ទរកថា​ផ្សាយ​ផ្ទាល់​របស់​ប្រធានាធិបតី​គុយបា។

លោក Diaz-Canel បាន​ហៅ​បាតុកម្ម​នេះ​ថា​ជា​កម្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បដិវត្តន៍​របស់​គុយបា ដោយ​មាន​បរទេស​ជា​បង្អែក​។ លោក​បាន​អំពាវនាវ ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​ដូច​ជា​អ្នក​ស្រលាញ់​គណបក្ស​កុម្មុយនិស្ត​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​តវ៉ា​ទាំង​នោះ។ លោក​បាន​និយាយ​ថា «បទ​បញ្ជា​ក្នុង​ការ​ប្រយុទ្ធ​ត្រូវ​បាន​ដាក់​ចេញ​ហើយ អ្នក​បដិវត្តន៍​ទាំងឡាយ​នាំ​គ្នា​ចុះ​ផ្លូវ​ទាំង​អស់​គ្នា»។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បាតុកម្ម​តវ៉ា​រដ្ឋាភិបាល​ត្រូវ​បាន​បង្ក្រាប ដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ គេ​ក៏​សង្កេត​ឃើញ​មាន​ បាតុករ​គាំទ្រ​រដ្ឋាភិបាល​ប្រមាណ ៣០០នាក់​បាន​ចេញ​លើ​ដង​ផ្លូវ​ ដោយ​ស្រែក​គាំទ្រ​ពាក្យ​ស្លោក​របស់​លោក Fidel Castro ដែល​ជា​មេដឹកនាំ​ដំបូង​បង្អស់​បក្ស​កុម្មុយនិស្ត​គុយបា។

ជាង​នេះ​ទៅ​ទៀត​ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​យ៉ាង​តឹងរ៉ឹង​នៅ​រដ្ឋធានី​ហាវ៉ាណា ហើយ​មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា បណ្ដាញ​អ៊ីនធឺណិត​ត្រូវ​បាន​បង្អាក់ ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​មួយ​ចំនួន​មិន​អាច​ប្រើប្រាស់​បាន​ឡើយ។

ក្រោយ​ពី​លេច​ឮ​ពី​ដំណឹង​បាតុកម្ម​ទាំង​នេះ ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ព្រម​ទាំង​អ្នក​នយោបាយ​សហរដ្ឋអាមេរិក​ជា​ច្រើន​ក៏​ចេញ​មក​អត្ថាធិប្បាយ​អំពី​ព្រឹត្តិការ​នេះ​ផង​ដែរ។ លោក​ចូ បៃដិន​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​ឈរ​ជាមួយ​គុយបា ក្នុង​ការ​ទាមទារ​ឲ្យ​មាន​សេរីភាព។

លើស​ពី​នេះ​ទៅ​ទៀត​សហគមន៍​ជនជាតិ​គុយបា​នៅ​រដ្ឋ Florida បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​បង្ហាញ​ពី​សាមគ្គីភាព​ទៅ​កាន់​ប្រជាជន​គុយបា​ នៅ​ប្រទេស​គុយបា។ អភិបាល​ក្រុង Miami នៃ​រដ្ឋ Florida លោក Francis X. Suarezថែម​ទាំង​ទាមទារ​ឱ្យ​មាន​បញ្ចប់​របប​កុម្មុយនិស្ត​នៅ​គុយបា ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ការពារ​ប្រជាជន​គុយបា​ពី​របប​នេះ​ទៀត​ផង។

នៅ​ថ្ងៃ​ចន្ទ លោក Diaz-Canel បាន​ចេញ​និយាយ​ម្ដង​ទៀត​ថា បញ្ហា​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ប្រទេស​គុយបា​គឺ​បណ្ដាល​មក​ពី គោលនយោបាយ​ «បិទ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច» របស់​សហរដ្ឋអាមេរិក​ទៅ​លើ​គុយបា។

ប្រទេស​គុយបា​ជា​ប្រទេស​មួយ ដែល​ប្រជាជន​ភាគ​ច្រើន​ពឹង​ពាក់​លើ​វិស័យ​ទេសចរណ៍។ នៅ​ពេល​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ បាន​មក​ដល់ កំណើន​សេដ្ឋកិច្ច​គុយបា​ធ្លាក់​ចុះ​ដល់ ១១% ដែល​ជា​អត្រា​មួយ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។ ចាប់​តាំង​ពី​មាន​កូវីដ១៩ ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ត្រូវ​បាន​បាត់បង់​ស្ទើរ​ទាំង​ស្រុង​។

បញ្ហា​នេះ​គឺ​កាន់​តែ​ស្មុគស្មាញ ដោយ​សារ​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រទេស​នេះ​ជា​សេដ្ឋកិច្ច​បែប​ផែនការ ដែល​រដ្ឋ​ជា​អ្នក​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​សហរដ្ឋអាមេរិក​ដាក់​រឹតត្បិត​ពាណិជ្ជកម្ម​អស់​ជាង ៦០ឆ្នាំ​ ចាប់​តាំង​ពី​របប​កុម្មុយនិស្ត​ចូល​កាន់​អំណាច​នៅ​គុយបា។

ផលិតផល​ចាំ​បាច់​នានា​ក៏​លក់​ដោយ​ផ្សារ​របស់​រដ្ឋ ដែល​ធ្វើ​ឱ្យ​មាន​ការ​តម្រង់​ជួរ​យ៉ាង​វែង ខណៈ​រូបិយប័ណ្ណ​ក្នុង​ស្រុក​មាន​តម្លៃ​ថោក និង​មិន​ស្ថិតស្ថេរ​នោះ​ទេ។ ជា​ហេតុ​នេះ​ហើយ ធ្វើ​ឱ្យ​មាន​កំណើន​ទីផ្សារ​ងងឹត​ផ្សេងៗ​។ ក្នុង​សភាព​បែប​នេះ​ហើយ ប្រជាជន​នៅ​គុយបា​មួយ​ចំនួន​មិន​អាច​ទទួល​បាន​នូវ​ម្ហូបអាហារ ឬ ថ្នាំ​សង្កូវ​បាន​ងាយ​ស្រួល​នោះ​ទេ។

ក្រៅ​ពី​រឿង​សេដ្ឋកិច្ច ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​គុយបា​ក៏​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គុយបា​រក​ឃើញ​ករណី​ថ្មី​រាប់​ពាន់​ករណី​ជា​រៀងរាល់​ថ្ងៃ៕

ប្រភព៖

Why Cubans took to the streets in all-but-unheard-of protests

https://www.aljazeera.com/news/2021/7/12/why-cubans-took-to-streets-in-all-but-unheard-of-protests

Cubans take to streets in rare protests over lack of freedoms and worsening economy

https://edition.cnn.com/2021/07/11/americas/cuba-protests/index.html

Cuba protests: Thousands rally against government as economy struggles

https://www.bbc.com/news/world-latin-america-57799852

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner