កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា

ភ្នំពេញ:ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរយៈពេល១ខែ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិតសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជូនដំណឹងទៅភាគីវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។

ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមគឺយោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាមរយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។

លិខិតបន្តថាថាសូមឯកអគ្គរាជទូត សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។ វិធានការបណ្ដោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជាដូចដែលមានចែងក្នុងកំណត់ទូត លេខ៧៣៤ ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងវិធានការផ្សេងៗដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner