កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានលេខ២ ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition

កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិ​ការណ៍​អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ នេះបើ​តាម​ការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

លោក ណយ ផាណា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួតតាមអនឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡា​ការិនី​កម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។

កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសាគូរអាយុក្រោម ១៨ឆ្នាំ (Mixed Pair-Age Group II) ដែលមានបេក្ខភាពប្រកួតប្រជែង ៣ប្រទេសទៀត គឺប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផល ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដណ្ដើមបាន​ចំណាត់​ថ្នាក់​លេខ​២ ខណៈលេខ១ បានទៅម្ចាស់ផ្ទះកូរ៉េខាងត្បូង និងលេខ៣ បានទៅជប៉ុន។

តាមរយៈលទ្ធផលនេះ អគ្គលេខាធិការសហព័ន្ធខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដែលបានបង្ហាញនូវភាព​រីកចម្រើនទាំង​សមត្ថ​ភាព និងបច្ចេកទេស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ និងបិទទ្វារហ្វឹកហាត់​លក្ខណៈ​ស្វ័យ​បុគ្កលក៏ដោយ។ លោកបានចាត់ទុកនេះជាសញ្ញាណដ៏ល្អ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេស​ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ណយ ផាន់ណា បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡា​ការិនី​ចូលរួមព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះ សហព័ន្ធ​បានបញ្ជូនកីឡាករ-កីឡាការិនីតែ ២រូបប៉ុណ្ណោះចូលរួម។ លើសពីនេះ សហព័ន្ធក៏បាន​បញ្ជូន​អាជ្ញា​កណ្ដាលអន្ដរជាតិ ២រូប ចូលរួមកាត់សេចក្ដីក្នុងការប្រកួតដ៏ធំនេះផងដែរ គឺលោក សោ សុផេង និងលោក វាស សារិទ្ធ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner