រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៤ កក្កដា ២០២១ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (ស.រ.អា) តាមប្រព័ន្ធវីដេអូ។

នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាមេរិក រដ្ឋមន្រ្តីការបរទេសកម្ពុជាបានលើកទឹកចិត្តចំពោះអាមេរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ និងងើបចេញពីផលប៉ះពាល់នៃជំងឺនេះដោយភាពរឹងមាំ ស្របពេលដែល ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវវ៉ាក់សាំង ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ កម្ពុជាបានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្រ្តីផ្សេងៗទៀត ជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗទៀត។

កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថាគ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមា ដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀត និងដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់អំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។

ប្រភព៖ ការបរទេស

ads banner