លោកជំទាវ ឱ វណ្ណឌីន នាំយកសំភារៈ និងថវិការ ជូនដល់លោក​តាវ័យ​​៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទី៥លាន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការឧបត្ថម្ភចំនួន១០លានរៀល និងសំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកប្រគល់ជូនដល់ដៃ លោកតា ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិ សែនសំ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាន។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា  នេះរង្វាន់ជាថវិកា និងស្បៀងអាហារ គឺជាការលើកទឹកចិត្តចំពោះលោក ណុប មាន ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកជំទាវ បានបន្តថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើប    សម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។សម្រាប់លោកជំទាវ ឱ វណ្ណឌីន ការអញ្ជើញទៅចាក់វ៉ាក់សាំងរបស់លោក ណុប មាន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត គឺជាក្តីរីករាយជាអនេកសម្រាប់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ណុប មាន បានថ្លែងថា រូបលោករីករាយជាខ្លាំង ពេលទទួលបានព័ត៌មានពីលោកជំទាវ ឱ វណ្ណឌីន ពីការទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន។ លោក ណុប មាន បានថ្លែងថា ការទទួលបានវ៉ាក់សាំងជារឿងត្រេកអរណាស់ទៅហើយសម្រាប់លោក និងក្រុមគ្រួសារ ហើយមិននឹកស្មានថាបានទទួលរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន បែបនេះឡើយ។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ថ្ងៃទី១៣ ខែកក្កដា ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសកំពុងរស់នៅកម្ពុជា សរុបជាង ៥លាននាក់ហើយ បានចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់សម្រាប់ជនទី ១លាន ២លាន ៣លាន ៤លាន និងទី៥លាន​។ ការផ្តល់រង្វាន់ជាការបង្ហាញនូវការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង​៕

ស៊ី សែង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner