ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបាន ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត
ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញដំណើរទៅកាន់គោលដៅ ដើម្បីរៀបចំទីកន្លែង សម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជិត២ម៉ឺននាក់ ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថា យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំឡើយ។ លោកថា ចំពោះយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជននៅក្នុងស្រុកអង្គរធំ គឺធ្វើឡើងស្របទៅតាមផែនការ របស់ក្រសួងការពារជាតិផងដែរ។
លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើដំណើរទៅកាន់គោលដៅរួចរាល់ហើយដែរ។ ហើយនិងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ តទៅ ដែលមានប្រជាជនសរុបចំនួន ១ ៧៨៦០នាក់៕
សួន លីណា





