រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្ត ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងអោយបានទាន់ពេលវេលា
យុទ្ធនាកាចាក់វ៉ាក់សាំងជូពលរដ្ឋនៅខេត្តព្រះសីហនុ រយៈពេល២៣ថ្ងៃមកហើយ ចាប់តាំងពីបានប្រកាសដាក់អោយដំណើរកាជាផ្លូវការកាលពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោមបេសកកម្មរួមគ្នារវាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងពេទ្យកងទ័ពកម្ពុជា និងបានដំណើរការដោយរលូន។
ប្រជាជន កម្មករនិយោជិត រួមទាំងជនបរទេសដែលធ្វើការនៅខេត្តព្រះសីហនុ បានមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្តីនៅមានពលរដ្ឋចំនួនដ៏តិចតួចបំផុតមិនទាន់បានមកទទួលវ៉ាក់សាំង។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋបានមកទទួលវ៉ាក់សាំងមានចំនួន១៧ម៉ឺន ៨ពាន់ ៥៦១នាក់ លើចំនួនគ្រោង១៩ម៉ឺន៣ពាន់១៦៥នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានត្រៀមបម្រុងទុក។
ចំពោះមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្តព្រះសីហនុ ចាប់ពីអាយុ១៨ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ បឋមសិក្សាតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខបួន ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ យុទ្ធនាការនេះគ្រោងបិទបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ផុតកាលបរិច្ឆេទនេះនៅតែមិនមកទទួលវ៉ាក់សាំងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនទៀតឡើយ៕ សាវ៉ុន




