ក្រុមហ៊ុនអាកាសចរណ៍ Air Canada សម្រេចផ្អាកជើងហោះហើរទៅកាន់ប្រទេសចិនរហូតដល់ខែមេសាខាងមុខ ដោយសារបារម្ភពីការរីករាលដាលនៃវីរុស COVID-19

កាណាដា៖ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានប្រកាសនឹងបន្តការផ្អាកជើងហោះហើររបស់ខ្លួនរវាងកាណាដា និង ទីក្រុងប៉េកាំង ព្រមទាំងទីក្រុងស៊ាងហៃរបស់ប្រទេសចិន រហូតដល់ថ្ងៃទី១០ ខែមេសាខាងមុខ ដោយសារតែការរីករាលដាលនៃវីរុស COVID-19 ។ ជើងហោះហើរចេញពីកាណាដាទៅកាន់ទីក្រុងទាំង២នេះរបស់ចិន ត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ចុងខែកុម្ភៈខាងមុខ បន្ទាប់ពីក្រសួងការបរទេសបានណែនាំប្រជាជនកាណាដា កុំឲ្យធ្វើដំណើរដោយមិនចាំបាច់ទៅកាន់ប្រទេសចិន ដោយសារការរីករាលដាលវីរុសនេះនៅទីនោះ ។

ក្រុមហ៊ុន  Air Canada ក៏បានបន្តការផ្អាកជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងហុងកុង ចេញពីទីក្រុងតូរ៉ុនតូ ផងដែរ រហូតដល់ថ្ងៃទី ៣០ ខែមេសា ដោយលើកឡើងពីការធ្លាក់ចុះតម្រូវការទីផ្សារ ខណៈជើងហោះហើរទៅនិងមកពីទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់មិនទទួលរងផលប៉ះពាល់ទេ ។

ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធត្រីមាសដំបូងរបស់ខ្លួននឹងមានប្រហែល២០០លានដុល្លារកាណាដា ឬស្មើនឹងប្រមាណ១៣៨លានអឺរ៉ូតិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការរឹតបន្តឹងការធ្វើដំណើរក្នុងពេលមានការផ្ទុះវីរុស COVID-19 និងការចតទុកចោលយន្តហោះ 737MAX របស់ក្រុមហ៊ុន Boeing ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner