រដ្ឋបាលលោក ចូ បៃដិន នឹងជំរុញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង ខណៈអត្រាចាក់ថ្នាំបង្ការ Covid-19 កំពុងធ្លាក់ចុះ (មានវីដេអូ)
អាមេរិក៖ របាយការណ៍មួយបានអោយដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង នៅតាមតំបន់ដែលអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ១៩កំពុងធ្លាក់ចុះ ហើយករណីឆ្លងកំពុងកើនឡើង ។
ការស្ទាក់ស្ទើរចាក់ថ្នាំបង្ការបានធ្វើអោយអត្រាចាក់វ៉ាក់សាំងថយចុះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សេតវិមាន ដើម្បីបង្កើនល្បឿនក៏ដោយ ។ប៉ុន្តែឥឡូវនេះមន្រ្តីរដ្ឋបាលកំពុងពិនិត្យមើលជំហានបន្ទាប់ ស្របពេលមនុស្ស៩១លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយរដ្ឋចំនួន៤៣កំពុងមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងកាលពីសប្តាហ៍មុន ខណៈវីរុសបម្លែងខ្លួនថ្មី Delta បង្កអោយករណីឆ្លងហក់ឡើងខ្ពស់ ។
គួរកត់សម្គាល់ ក្រុមសម្ព័ន្ធមិត្តរបស់លោក បៃដិន រួមទាំងគណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) មានគម្រោងចូលរួមជាមួយភ្នាក់ងារពិនិត្យព័ត៌ មាន និងធ្វើការជាមួយក្រុមហ៊ុនផ្ញើសារ SMS ផងដែរ ដើម្បីលុបបំបាត់ព័ត៌មានមិនពិតអំពីវ៉ាក់សាំង ដែលត្រូវបានផ្ញើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារជាអក្សរ ៕ ប្រភព៖ dailymail


