WHO ៖ មជ្ឈឹមបូព៌ាអាចប្រឈមមុខនឹងមហន្តរាយនៃហានិភ័យឆ្លងជំងឺកូវីដ១៩

អង្គការ​សុខភាព​ពិភព​លោក​ប្រកាស​​កាល​ពី​ថ្ងៃ​ពុធ​នេះ​​​ថា​​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​មជ្ឈឹម​បូព៌ា​ អាច​មាន​ផល​វិបាក មហន្តរាយ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​ការ​រាលដាល​នៃ​វ៉ារ្យ៉ង់​ដែលតា​​ ​និង ​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ ហើយ​​​កង្វះ​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សង្គម​និង​សុខភាព​សាធារណៈ​។

​ការិយាល័យ​ប្រចាំ​តំបន់​​នៃ​ទីភ្នាក់ងារ​ WHO ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​  ករណី​ឆ្លង​ថ្មី​ហក់​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ជា​នៅ​លីប៊ី​ អ៊ីរ៉ាក់​ អ៊ីរ៉ង់​ ទុយនីស៊ី​ លីបង់​ និង​ម៉ារ៉ុក​។ ​ហើយ​​សប្ដាហ៍​ក្រោយ​ នៅ​ទូទាំង​តំបន់​នេះ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ Eid al-Adha ​ដែល​ជា​ធម្មតា​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​ឱ្យ​ករណី​ឆ្លង​អាច​កើន​ឡើង​លើស​ដើម​។​​

​ទីភ្នាក់ងារ​ដដែល​ បាន​គូស​បញ្ជាក់​ថា​ ទុយនីស៊ី​​ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ ខ្ពស់​បំផុត​ក្នុង​តំបន់​ និង​នៅ​អាហ្វ្រិក​ ហើយ​បាន​កត់​សម្គាល់​ថា​ ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​​អំឡុង​ពេល​ ៤​ សប្តាហ៍​រហូត​ដល់​ដើម​ខែ​កក្កដា​។​

​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ករណី​ឆ្លង​សរុប​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​រួម​មាន​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្គានីស្ថាន​ សូម៉ាលី​ និង​ហ្សីប៊ូទី​ ក៏​ដូច​ជា​រដ្ឋ​មជ្ឈិម​បូព៌ា​ដទៃ​ផ្សេង​ទៀត​ បាន​កើន​ឡើង​ដល់​ជាង​ ១១,៤​ លាន​ករណី​ ខណៈ​ករណី​ស្លាប់​បាន​កើន​ដល់​ ២,២៣ ​សែន​ករណី​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner