ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមសម្ពោធ«គម្រោងរចនាច្រកដើរនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព» «រួមគ្នាឆ្ពោះទៅអភិវឌ្ឍន៍ដោយចីរភាព»

អត្ថបទដោយ៖
Kien Sereyvuth

នេះជាពាក្យមួយឃ្លាសរសេរនៅលើជញ្ជាំងលើផ្លូវដើរមួយកន្លែងប្រសិទ្ធនាមថា«គម្រោងរចនាច្រកដើរនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព» នាទីស្តីការក្រសួងបរិស្ថាន ដែលបានដាក់សម្ពោធជាផ្លូវការ នាល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រួងបរិស្ថាន រួមជាមួយ តំណាងក្រសួងស្ថាប័នមួយចំនួន និង ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គម្រោងនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ការពង្រឹងស្មារតីមន្រ្តីរាជការឱ្យចេះស្រឡាញ់បរិស្ថាន និងទាក់ទាញសិស្ស និស្សិតនិងសាធារណជន អំពីការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា។

លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសផ្តល់ការអប់រំបរិស្ថានទាំងក្នុងប្រព័ន្ធ និងនៅក្រៅប្រព័ន្ធ ព្រោះថាបើកុមារមានការយល់ដឹងពីធនធានធម្មជាតិ និងបរិស្ថាន គេចូលរួមការពារ និងអភិរក្ស។ លោកសូមចូលរួមអបអរសាទរចំពោះការរៀបចំឱ្យមានគម្រោងនេះឡើង ដោយមានរូបភាព និងការរចនាយ៉ាងល្អ ដែលមានអត្ថន័យនៃការទទួលខុសត្រូវ និងក្តីស្រឡាញ់ចំពោះការងាររបស់មន្រ្តីរាជការទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវមនោសញ្ចេតនារីករាយជាមួយការបង្កើតបានសមិទ្ធផលថ្មីនៅថ្ងៃនេះ ដែលប្រៀបប្រដូចនឹង«វិថីសិល្បះបរិស្ថានក្នុងអគារមតកតេជោ»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នេះជាមោទនភាពសម្រាប់ទាំងអស់គ្នា ដែលយើងបាននិងកំពុងអនុវត្តការរៀបចំគោលនយោបាយសាធារណៈលើវិស័យបរិស្ថានបានល្អ និងមានអត្ថន័យដ៏ធំធេង ជាវិថីមួយដែលកម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត ទស្សនាផ្ទាំងទស្សនីយភាពគំរូ ដែលបង្កប់នូវខ្លឹមសារ ព័ត៌មាន និងរូបភាពប្រទាក់ក្រឡា និងមានអត្ថន័យជ្រាលជ្រៅ បង្ហាញពីគោលដៅឆ្ពោះទៅការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងលើកទឹកចិត្តឱ្យមន្រ្តីរាជការក្រសួងបរិស្ថានបន្តការខិតខំប្រឹងប្រែង ចូលរូមក្នុងបុព្វហេតុបរិស្ថានដើម្បីអនាគតកម្ពុជារុងរឿង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner