កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនមន្ត្រីមុខងារសាធារណៈម្នាក់ និងបុគ្គលិកធនាគារឯកជនម្នាក់ ពាក់ព័ន្ធបទល្មេីសរួមគ្នា លួចប្រាក់ពន្ធរដ្ឋជាង៥០ម៉ឺនដុល្លារ
ភ្នំពេញ៖ មន្ត្រីក្រសួងមុខងារសាធារណៈម្នាក់ និងស្ត្រីម្នាក់ ជាបុគ្គលិកធនាគារឯកជន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន ពាក់ព័ន្ធបទល្មេីសរួមគ្នាលួចប្រាក់ពន្ធរដ្ឋជាង៥០ម៉ឺនដុល្លារ ។
របាយការណ៍ពីសមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ។

ប្រភពដដែលបានបន្តថា ជនសង្ស័យឈ្មោះ ចាន់ ស៊ីមន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខងារជាអនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ មានទីលំនៅផ្ទះលេខD84Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ទៀង វឌ្ឍន នារីរតន៍ ភេទស្រី អាយុ៣២ឆ្នាំ ជាបុគ្គលិក ធនាគារឯកជនមួយផ្នែកប្រមូលពន្ធ មានទីលំនៅផ្ទះលេខ D84Eo ផ្លូវលេខ១០ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

របាយការណ៍ពីសមត្ថកិច្ច បានបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ពីបទរំលោភលើទំនុកចិត្ត យកប្រាក់របស់ធនាគារឯកជនមួយ និង ប្រាក់បង់ពន្ធរបស់ក្រុមហ៊ុនចំនួន ៥៣ម៉ឺនដុល្លារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ៕
