ការប្រកួតបាល់ទាតថ្នាក់ខេត្តពានរង្វាន់ ហ៊ុន សែន Cup វគ្គជម្រុះ សប្តាហ៍ទី៤ ៣ប្រកួតស្មើគ្នាទាំងអស់
ការប្រកួតកីឡាបាល់ទាត់វគ្គសន្សំពិន្ទុក្នុងពូល វគ្គជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ សប្តាហ៍ទី៤ ដែលមាន៣ប្រកួតនោះ សុទ្ធតែមានលទ្ធ ផលស្មើៗ គ្នា ទាំងអស់។ ៣ប្រកួតដែលស្មើៗគ្នានេះ រួមមានក្រុមខេត្តកណ្តាលស្មើគ្នាជាមួយខេត្តកំពង់ស្ពឺ ០ទល់០ ខណៈ ក្រុមខេត្តកំពត ១ទល់១ជាមួយខេត្តកុះកុង និងក្រុមខេត្តកែបស្មើគ្នា ៣ទល់៣ ជាមួយ ខេត្តព្រះសីហនុ។

ចំពោះ៤ប្រកួត ក្នុងជំនួបសប្តាហ៍ទី៤នេះដែរ រួមមាន៖ ខេត្តពោធិ៍សាត់ ស្មើជាមួយកំពង់ឆ្នាំង ១-១ ស្របពេលដែលបន្ទាយមានជ័យចាញ់បាត់ដំបង ១-៤, កំពង់ធំ ចាញ់សៀមរាប ១-៣ និងក្រុមការពារម្ចាស់ជើងឯកថ្នាក់ខេត្ត ក្រុមខេត្តត្បូងឃ្មុំ យកឈ្នះរតន គីរី ដោយលទ្ធផល ២ទល់១។

ការប្រកួតសន្សំពិន្ទុ គឺនៅសល់២សហ្តហ៍ទៀតនឹងត្រូវបញ្ចប់វគ្គចែកពូល ដើម្បីស្វែងរកក្រុម ខ្លាំងៗចំនួន៨ឡើងទៅវគ្គ១/៤ ដោយ៨ក្រុមនេះជ្រើសរើសចេញ ពីក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង៥ ចំនួន៥ក្រុម និង៣ក្រុមទៀត គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ។ ការប្រកួតវគ្គ១/៤នឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី៧ ខែមេសារហូតដល់បញ្ចប់ថ្នាក់ខេត្តវគ្គ ផ្តាច់ព្រ័ត្រ នាថ្ងៃទី២០ ឧសភា ដើម្បីស្វែងរកក្រុមជ័យលាភីទាំង៤ឡើង ទៅប្រកួតថ្នាក់ ជាតិ ជាមួយក្រុមលីគកំពូលកម្ពុជាចំនួន១២ក្រុម៕

