សម្តេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ផ្តល់អំណោយអាគារសិក្សាមួយខ្នង ដល់សាលាពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អគារសិក្សាថ្មីមួយខ្នង នៅសាលាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ស្ថិតនៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ និងមានការនិមន្តជាព្រះកិត្តិយស ពីសំណាក់ សម្តេចព្រះវនរ័ន្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា , និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះអគ្គាធិការរងពុទ្ធិកាសិក្សាជាតិ និងជាព្រះមេគុណ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ស្វាគមន៍ របស់ព្រះឧបាលិវង្ស វ៉ង់ គឹមសន នាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងជាព្រះអនុគណ ខណ្ឌពោធិ៍សែនជ័យ មានថេរដិកាឱ្យដឹងថា អគារសិក្សាថ្មីនេះ មានទទឹង៩ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ ,សង់ពីបេតុង ,កំពស់២ជាន់ ,ចែកចេញជាថ្នាក់រៀនចំនួន៨បន្ទប់ ,ការិយាល័យសិក្សា ១បន្ទប់, និងសាលប្រជុំ ១បន្ទប់ ,គ្រោងចំណាយថវិកាសាងសង់ ប្រមាណជាង ៣០ម៉ឺន$ ជាអំណោយដ៏ថ្លៃថា្លរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ និងលោកជំទាវ ។    ព្រះឧបាលិវង្ស វ៉ង់ គឹមសន បានឱ្យដឹងទៀតថា ក្នុងឆ្នាំសិក្សា ២០១៩ – ២០២០ សាលាបានបើកដំណើរការសិក្សា ចំនួន៧ថ្នាក់ មានសមណសិស្ស និងសិស្ស សរុប៣២៣ អង្គ/នាក់ និងគ្រូ៤៧ អង្គ/នាក់ ហើយបើធៀបនឹងឆ្នាំសិក្សានីមួយៗពីមុនមក ចំនួនសមណសិស្ស មានការកើនឡើងជាបន្តបន្ទាប់ ។ ដោយឡែកក្នុងឆ្នាំសិក្សា ២០២០-២០២១ខាងមុននេះ តាមការសន្និដ្ឋាន វាយតម្លៃរបស់សាលា ឃើញថា សមណសិស្ស និងសិស្ស នឹងមានការកើនឡើងច្រើនថែមទៀត ដែលតម្រូវឱ្យគណៈគ្រប់គ្រងសាលាត្រូវតែបង្កើនថ្នាក់រៀនបន្ថែមទៀត ទើបអាចឆ្លើយតបទៅនឹងកំណើនសមណសិស្ស និងសិស្សបាន ។

ក្នុងនាមគណៈគ្រប់គ្រងសាលា អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សមណសិស្ស និងសិស្ស ព្រះឧបាលិវង្ស វ៉ង់ គឹមសន បានថ្លែងអំណរគុណជាពន្លឹក ចំពោះ សម្តេចចៅហ្វាវាំង និងលោកជំទាវ ដែលបានផ្តល់អំណោយអគារសិក្សាថ្មីនេះ  ដល់សាលាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ដែលជាប្រយោជន៍ដ៏ធំធេង សំរាប់ព្រះសង្ឃ និងសិស្សានុសិស្ស បានជ្រកកោន សិក្សារៀនសូត្រ បង្កើនចំណេះវិជ្ចា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការទ្រទ្រង់ដល់វិស័យពុទ្ធសាសនា ឱ្យមានភាពរីកចំរើន និងស្ថិតស្ថេរគង់វង្ស តរៀងទៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner