ក្រសួងសុខាភិបាលថៃណែនាំពលរដ្ឋកុំធ្វើដំណើរទៅតំបន់ជាច្រើននៅក្រៅប្រទេស បារម្ភពីកូវីត១៩

ថៃ៖ ក្រសួងសុខាភិបាលថៃ កាលពីម្សិលមិញ បានណែនាំពលរដ្ឋរបស់ខ្លួន ឲ្យជៀសវាងការធ្វើដំណើរមិនចាំបាច់ណាមួយ ទៅកាន់ប្រទេសចំនួន៩ ដែលបានទទួលរងផលប៉ះពាលដោយវីរុសកូរ៉ូណា ឬកូវីត១៩។

ប្រទេសទាំង៩ ដែលត្រូវបានក្រសួងខាងលើពណ៌នាដាក់ថា “តំបន់កំពុងផ្ទុះវីរុសកូរ៉ូណា” និង “តំបន់ដែលត្រូវជៀសវាងទីកន្លែងមានមនុស្សច្រើន” នោះ មានដូចជា ចិន ហុងកុង សិង្ហបុរី អ៊ីតាលី ម៉ាកាវ តៃវ៉ាន់ អ៊ីរ៉ង់ កូរ៉េខាងត្បូង (Daegu, North Gyeongsang, Gyeonggi, South Gyeongsang, Busan និង Seoul) និង ជប៉ុន (Hokkaido, Tokyo, Aichi, Wakayama, Kanagawa, Chiba, Okinawa, Kyoto និង Osaka)។

ក្រសួងសុខាភិបាលថៃក៏ទើបបានដាក់កម្រិតលើការធ្វើដំណើររបស់និយោជិកខ្លួន ដោយហាមឃាត់ពួកគេមិនឲ្យទៅគោលដៅ ដែលរងផលប៉ះពាល់ឡើយ លើកលែងតែចាំបាច់។ បុគ្គលិកសុខាភិបាលថៃ ដែលត្រូវទៅគោលដៅទាំងនោះ តម្រូវឲ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ ពេលត្រឡប់ទៅប្រទេសថៃវិញ។ ពួកគេក៏ត្រូវពាក់ម៉ាស់មុខ ប្រើទឹកលាងដៃ និងឆ្លងកាត់ការពិនិត្យប្រចាំថ្ងៃផងដែរ។

គួរឲ្យដឹងថា មកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៤០ករណីហើយ បន្ទាប់ពីកើតមាន ៣ករណីថ្មីទៀត ដែលជាប្តីប្រពន្ធវ័យចំណាស់ និងចៅប្រុស ក្រោយមកពីប្រទេសជប៉ុនវិញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner