មុខសញ្ញាចោរលួចកាច់កញ្ចក់រថយន្ត២នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យបានបញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ដោយពួកគេពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៧ នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖
ទី១៖ ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ទី២៖ ឈ្មោះ មាស ធីចំរើន ហៅ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ រត់រឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖
– មួកប៉ារេ ពណ៌ កាហ្វេ ចំនួន ០១
– កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ស ដងឈើ ប្រវែង១៩ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ ចំនួន ០១
– រឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ ១GY ៥២៨១ ។

ជនរងគ្រោះមានឈ្មោះ ប៉ូច នរ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន បានបាត់បង់សម្ភារៈ កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយ ប៊ុនធី



