ឯកឧត្ដម គួច ចំរើន៖ ដើម្បីធ្វើអោយស្ថានភាពសុខភាពស្ត្រី និងកុមារមានភាពប្រសើរឡើង ចាំបាច់ណាស់ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសស្ត្រីខ្លួនឯងផ្ទាល់ត្រូវទទួលអាហារូបត្ថម្ភអោយបានគ្រប់គ្រាន់ និងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ។ ពិធីននេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅសាលាស្រុកព្រៃនប់
ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិកាសខា អនុសាខា មន្រ្តីសាខា ប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីមណ្ឌលសុខភាព អភិបាលរងស្រុក អជ្ញាធរមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា និងស្ត្រីមានផ្ទៃពោះ ៥០នាក់ផង។

ឯកឧត្ដម គួច ចំរើន បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច។
ឯកឧត្ដម គួច ចំរើនមានប្រសាសន៍ថា៖ ដើម្បីធ្វើអោយស្ថានភាពសុខភាពស្ត្រី និងកុមារមានភាពប្រសើរឡើង ចាំបាច់ណាស់ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសស្ត្រីខ្លួនឯងផ្ទាល់ ត្រូវទទួលអាហារូបត្ថម្ភអោយបានគ្រប់គ្រាន់ និងទៅពិនិត្យសុខភាពអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។

សូមស្រ្តីមានផ្ទៃពោះ ទាំងអស់ត្រូវ៖
១- ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យមើលមេរោគអេដស៍ និងកាមរោគ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
២- សូមទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឆ្មបជំនាញទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣- ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤- សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ៕ធ.ដ


