ខេត្តកំពង់ធំ បានធ្វើការដុតកម្ទេចចោល ផលិតផលក្លែងក្លាយជាប្រភេទភេសជ្ជៈ ចំនួន៨តោន ដែលផលិតផលទំាងនោះ ត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបាន ចាប់តំាងពីខែតុលាឆ្នាំ២០១៩កន្លងមក !
ខេត្តកំពង់ធំ៖ ការរៀបចំដុតកម្ទេចចោលផលិតផលក្លែងក្លាយ ជាប្រភេទភេសជ្ជៈ មានប្រមាណ២២មុខនោះ បានធ្វើនៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២០ ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គវង្សវឌ្ឍនា។ ក្នុងនោះ ក៏មានវត្តមាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អភិបាលខេត្តកំពង់ធំ លោកសុខលូ កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ សិស្សានុ សិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០ នាក់។ ពិធីបានធ្វើនៅក្នុងបរិវេណ អតីតព្រលានយន្តហោះ វល្លិយាវ ស្ថិតក្នុងភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ លោកសុខលូ បានថ្លែង គាំទ្រការបង្រ្កាបផលិតផលក្លែងក្លាយ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ និងប្រទេសជាតិ បានបង្កជាឧបសគ្គដល់អ្នកដែលបង្កើតថ្មី អ្នកមានគំនិតច្នៃប្រឌិត បាត់បង់ការប្រកួតប្រជែងដោយអយុត្តិធម៌ ការបរិភោគអាហារ ដែលពុំមានការពិនិត្យត្រឹមត្រូវ បង្កឲ្យកើតជំងឺផ្សេងៗ ដោយមិនដឹងខ្លួន ជាពិសេសគឺប្រើប្រាស់ថ្នាំពេទ្យ។ លោកថា ការកម្ទេចផលិតផលក្លែងក្លាយថ្ងៃនេះ បានបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ជៀសការផលិត ចែកចាយ ផលិតផលក្លែងក្លាយ ដោយខុសច្បាប់ និងហួសសុពលភាព និងលោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ដើម្បីរកឲ្យឃើញទីតាំង និងម្ចាស់ផលិតផលិតផលក្លែងក្លាយ ដើម្បីចាត់វិធានការតាមច្បាប់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងបង្ហាញ ផលិតផលក្លែងក្លាយប្រភេទភេសជ្ជៈ ដែលធ្វើការដុតកម្ទេចនាពេលនេះ គឺជាផលិតផល ដែលគណកម្មាធិការនិងអាជ្ញាធរ បានសហការ ជាមួយព្រះរាជអាជ្ញា ចុះបង្រ្កាបកាលពីចុងឆ្នាំ២០១៩កន្លងទៅ នៅទីតាំង សហគ្រាសមួយដ៏ធំ ដែលបានសម្ងំផលិតទឹកក្រូចក្លែងក្លាយ នៅភូមិព្រៃពល្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានលក់ចែកចាយទូទាំងប្រទេស ឈ្មោះ សហគ្រាស លឹម ភ័ណ្ទ។ លោកថា សមត្ថកិច្ច បានដកហូតទឹកក្រូចក្លែងក្លាយ ដែលផលិតចាក់ទឹកដាក់ពណ៌ ដាក់មេស្ករ លក់ឲ្យតាមទីផ្សារនានា ក្នុងខេត្តកំពង់ធំ និងតាមបណ្តាខេត្ត បានចំនួន២២មុខ និងទម្ងន់សរុប៨តោន និងត្រូវបានកម្ទេចចោលនាពេលនេះ។

លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានថ្លែង កោតសរសើរ ដល់គណកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព្រះរាជអាជ្ញា អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ឋ ដែលបានយកចិត្តទុកដាក់ រួមគ្នាការពារទប់ស្កាត់ការនាំចូល ការផលិត ការចែកចាយ ផលិតផលក្លែងក្លាយ រហូតទទួលបាន លទ្ធផលល្អប្រសើរ។ ក្នុងនោះលោករដ្ឋមន្ត្រី ក៏សុំឲ្យស្ថាប័នជំនាញ ខិតខំអប់រំ ពាណិជ្ជករ អាជីវករ ផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពី ការភិតភ័យ ដែលកើតមានឡើងពីផលិតផលក្លែងក្លាយ និងលោកក៏បានអំពាវនាវពាណិជ្ជករ អជីវករ គ្រប់រូប ចូលរួមសហការជាមួយគណកម្មាធិការ ក្នុងការស្វែងរកព័ត៌មាន ផលិតការនាំចូល ការចរាចរណ៍ និងវែកមុខជនទុចរិត ដើម្បីទប់ស្កាត់ បង្រ្កាប និងចាត់ចែងតាមនិតិវិធីច្បាប់ ទៅតុលាការ ឲ្យមានទាន់ពេលវេលា៕ធ.ដ
ដោយ៖ឡុង សំបូរ









