កូនស្រីប្រេសិតអាហ្វហ្គានីស្ថាន ត្រូវបានគេចាប់ជំរិតនិងរងរបួសនៅ ប៉ាគីស្ថាន
កូនស្រីរបស់ឯកអគ្គរដ្ឋទូតទូតអាហ្វហ្គានីស្ថានប្រចាំនៅប្រទេសប៉ាគីស្ថាន ត្រូវបានចាប់ជំរិតដោយក្រុមជនមិនស្គាល់មុខ ហើយរងរបួសដោយការធ្វើ«ទារុណកម្ម។
កូនស្រីឯកអគ្គរដ្ឋទូត ដែលមានឈ្មោះ Silsila Alikhil ត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនម៉ោងបន្ទាប់ពីត្រូវបានគេចាប់ខ្លួននៅតាមផ្លូវត្រលប់របស់មកផ្ទះមកវិញនៅឯរដ្ឋធានីប្រទេសប៉ាគីស្ថាន Islamabad កាលពីថ្ងៃសុក្រ។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាននិយាយថា នាងត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ហើយគេកំពុងដាក់ពាក្យបណ្ដឹង។
មន្ត្រីប៉ាគីស្ថាននិយាយថា Silsila Alikhil ដែលមានអាយុជាង ២០ ឆ្នាំត្រូវបានគេឆ្មក់ក្នុងឡានដែលនាងកំពុងជិះ និងរងការវាយប្រហារយ៉ាងដំណំ។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានជំរុញឱ្យប្រទេសប៉ាគីស្ថានធានានូវសុវត្ថិភាពរបស់អ្នកការទូតនិងក្រុមគ្រួសាររបស់ពួកគេ។ ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា សន្តិសុខ របស់ឯកអគ្គរដ្ឋទូត ត្រូវបានគេរឹតបន្តឹង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Sheikh Rashid Ahmed បាននិយាយថា នាយករដ្ឋមន្ត្រី Imran Khan បានបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យឱ្យបានឆាប់រហ័ស។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំណងទាក់ទងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនឡើងៗ ចំពេលមានអំពើហិង្សាកំពុងកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានចោទប្រកាន់ប៉ាគីស្ថានថា បានផ្តក់ទីជម្រកសុវត្ថិភាពដល់ក្រុមឧទ្ទាមតាលីបង់ ដែលកំពុងធ្វើការវាយប្រហារនៅពាសពេញប្រទេស។ ក្រុមឧទ្ទាម តាលីបង់បានធ្វើឱ្យមានភាពចលាចលទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយត្រូវវាយដណ្ដើមច្រកព្រំដែនសំខាន់ៗ ពីកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
