កូរ៉េខាងត្បូង បានកោះហៅ ប្រេសិតជប៉ុនជុំវិញ ការអត្ថាធិប្បាយមិនសមរម្យអំពីលោក Moon

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ ជប៉ុន​នៅ​ថ្ងៃសៅរ៍​ (១៧ ​ខែ​កក្កដា)​ ជុំ​វិញ​ការ​លើកឡើង​មិន​សមរម្យ​អំពី​ប្រធានាធិបតី​ Moon​ Jae​-in ដោយ​មន្ត្រី​ការទូត​ជប៉ុន​មួយ​រូប ​និង​លទ្ធភាព​នៃ​កិច្ច​ប្រជុំ​កំពូល​មួយ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ ទីក្រុង​តូក្យូ​នា​ពេល​ខាងមុខ​នេះ។​

មន្ត្រី​ការទូត​ជាន់ខ្ពស់​ជប៉ុន​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​សើច​ចំអក​ជុំវិញ​ការ​លើកឡើង​របស់​លោក​ Moon ក្នុង​ការ​ចង់​​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក​ Yoshihide Suga ដោយ​និយាយ​ថា​មេដឹកនាំ​កូរ៉េខាងត្បូង​រូប​នេះ​គឺ​ «​កំពុង​សម្រេច​កាម​ដោយ​ខ្លួន​ឯង​»។

អ្នក​ការទូត​រូប​នោះ​ ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ បាន​បន្ថែម​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​​កូរ៉េខាងត្បូង​ JTBC ថា​ លោក​ Moon កំពុង​ស្ថិត​ក្នុង​ «ការ​ទាញ​ព្រ័ត្រ​ជាមួយ​ខ្លួន​ឯង​» ពី​ព្រោះ​ជប៉ុន«​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង​សេអ៊ូល​ – តូក្យូ​ទេ»​។

ការ​អត្ថាធិប្បាយ​នេះ​ធ្វើឡើង​ នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​គេ​រាយការណ៍​ថា​ គឺ​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ឈាន​ទៅ​រក​ការ​ជួប​ប្រជុំ​កំពូល​មួយ​រវាង​មេដឹកនាំ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ចំណង​ទាក់ទង​ដែល​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជុំវិញ​ជម្លោះ​ប្រវត្តិសាស្ត្រ​។

បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ JTBC​ ឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កូរ៉េខាងត្បូង​ បាន​និយាយ​ថា​សំដី​ទាំង​នេះ​គឺ​ជា​របស់​ឯកអគ្គរដ្ឋទូត​រង​លោក​ Hirohisa Soma​ដែល​បាន​និយាយ​ពាក្យ«​មិន​សម​រម្យ​បំផុត​» ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​អ្វី​ខ្លះ​ត្រូវ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍។

ទីក្រុង​តូក្យូ​ និង​សេអ៊ូល​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ដោយ​សារ​ជម្លោះ​ លើ​សំណង​សម្រាប់​ការ​គ្រប់គ្រង​អាណានិគម ​របស់​ជប៉ុន​នៅ​ដើម​សតវត្ស​ទី ​២០​ លើ​ឧបទ្វីប​កូរ៉េ។​ នៅ​ក្នុង​សន្និសីទ​កាសែត​ កាលពី​ដើម​ខែ​នេះ​មេដឹកនាំ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​ «លំបាក​ខ្លាំង​ណាស់» ដោយ​សារ​តែ​បញ្ហា​សង្គ្រាម​ ប៉ុន្តែ​បាន​និយាយ​ថា​វា​អាស្រ័យ​លើ​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំង​នេះ។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner