ប្រទេសចិនចង់បានម៉ាស៊ីនផលិតបន្ទះឈីប ពីហូឡង់ ប៉ុន្តែសហរដ្ឋអាមេរិកជំទាស់

ម៉ាស៊ីន​មួយ​ចំនួន​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​របស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ត្រូវ​បាន​គេ​ផលិត​នៅ​រោងចក្រ​មួយ​ជាប់​នឹង​ចំ​ការ​ពោត​មួយ​កន្លែង​នៅ​ប្រទេស​ហូឡង់​។ រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក​ កំពុង​ព្យាយាម​ធ្វើ​យ៉ាង​កុំ​ឱ្យ​ម៉ាស៊ីន​ទាំង​នេះ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ប្រទេស​ចិន​។

ទីក្រុង​ប៉េកាំង​ បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហូឡង់​ ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ទិញ​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ហូឡង់​ASML Holding តាម​រយៈ​បច្ចេកវិទ្យា​ extreme ultraviolet lithography ។

ម៉ាស៊ីន​មាន​ទម្ងន់​ជាង​ ១៨០ តោន​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ជា​ច្រើន​រួម​មាន​ក្រុមហ៊ុន​អាមេរិក​ Intel Corp,​ ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung Electronics ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈាន​មុខ​គេ​របស់​ក្រុមហ៊ុន​ Apple Inc​ គឺ​ក្រុមហ៊ុន ​Taiwan Semiconductor Manufacturing (TSMC) ដើម្បី​ផលិត​បន្ទះ​ឈីប​គ្រប់​បែបយ៉ាង​សម្រាប់​ប្រើ​ក្នុង​ទូរស័ព្ទ​ស្មាត​ហ្វូន​ និង​កុំព្យូទ័រ​ជំនាន់​ថ្មី​។

ប្រទេស​ចិន​ចង់​ទិញ​ម៉ាស៊ីន ដែល​មាន​តម្លៃ​ ១៥០ លាន​ដុល្លារ​នេះ​ សម្រាប់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ក្នុងស្រុក ​ដើម្បី​ផ្គត់ផ្គង់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ហ្វូន​ដ៏​ល្បីឈ្មោះ​Huawei ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផ្សេង​ទៀត ក្នុង​បំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​អ្នក​ផ្គត់ផ្គង់​បរទេស​។

ប៉ុន្តែ​ ក្រុមហ៊ុន ASML របស់​ហូឡង់​ មិន​ទាន់​បាន​យល់​ព្រម​ធ្វើ​ការ​លក់​ម៉ាស៊ីន​របស់​ពួកគេ​ដល់​ក្រុមហ៊ុន​ណា​មួយ​មក​ពី​ប្រទេស​ចិន​ ​ពីព្រោះ​ប្រទេស​ហូឡង់ ​ដែល​ស្ថិត​ក្រោម​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ គឺ​កំពុង​ដកហូត​អាជ្ញាប័ណ្ណ​នាំចេញ​ ទៅ​កាន់​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ASML។

យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា​រដ្ឋបាល​ Biden បាន​ស្នើសុំ​រដ្ឋាភិបាល​រឹត​បន្ទឹង​ការ​លក់​នេះ​ ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ជាតិ។​

ទីក្រុង​វ៉ាស៊ីនតោន​បាន​កំណត់​យក​ក្រុមហ៊ុន​ចិន​ធំ​ៗ​ដូច​ជា ​ ក្រុមហ៊ុន​ Huawei ថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក ​ហើយ​ក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​សម្ព័ន្ធមិត្ត​បរទេស​របស់​ខ្លួន​ដទៃ​ទៀត​ឱ្យ​រឹត​បន្ដឹង​លើ​ការ​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​របស់​ Huawei ផង​ដែរ​ដោយ​លើក​មូលហេតុ​អំពី​ការ​ព្រួយបារម្ភ​ចារកម្ម​ ដែល​ក្រុមហ៊ុន​ Huaweiបាន​បដិសេធ​ហើយ​និយាយ​ថា​ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូល​ដ្ឋាន​។

លោក​ Peter​ Wennink ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ASML​ បាន​និយាយ​ថា ការ​រឹត​ត្បិត​ការ​នាំចេញ​អាច​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ក្រុមហ៊ុន​ខ្លាំង​។ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ «នៅ​ពេល​និយាយ​អំពី​បញ្ហា​សន្តិសុខជាតិ​ជាក់លាក់ ​ការ​ត្រួត​ពិនិត្យ​ការ​នាំចេញ​គឺ​ជា​វិធានការណ៍​ត្រឹម​ត្រូវ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យោង​តាម​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជាតិ​ទូលំ​ទូលាយ​លើ​ភាព​ជា​អ្នកដឹកនាំ​ការ​ផលិត​បន្ទះ​ឈីប​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពិចារណា​អំពី​វិធានការ​ទាំងនេះ​ ប្រសិន​បើ​សិន​ប្រើប្រាស់​ហួស​កម្រិត​ពេក​ ក៏​អាច​បន្ថយ​នវានុត្តន៍​ក្នុង​រយៈ​ពេល​មធ្យម​ដោយ​កាត់​បន្ថយ​ការស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​។

លោក​ បាន​និយាយ ​ថា​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម​ ការគ្រប់គ្រង​ការនាំចេញ​យ៉ាង​ទូលំទូលាយ​នឹង​កាត់​បន្ថយ​សមត្ថភាព​ផលិត​បន្ទះ​ឈីប​របស់​ពិភពលោក ​ដែល​កាន់​តែ​ធ្វើ​ឱ្យ​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

មិនដល់​មួយ​ខែ​ផង​ បន្ទាប់​ពី​ការ​ចូល​កាន់​តំណែង​របស់​លោក​ Biden ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក​ Jake Sullivan បាន​និយាយ​ជាមួយ​សមភាគី​ហូឡង់​អំពី​អ្វី​ដែល​សេតវិមាន​បាន​ពិពណ៌នា​ថា​ជា​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​បញ្ហា​នេះ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner