មន្ត្រីចិននៅហុងកុងនិយាយថាការដាក់ទណ្ឌកម្មដោយអាមេរិកគឺមាន «ចេតនាគួរឱ្យស្អប់ខ្ពើម»
សាខាក្រសួងការបរទេសចិននៅហុងកុង បាននិយាយថាការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកទៅលើមន្ត្រីចិន និងការចេញសេចក្ដីណែនាំថ្មីអំពីទីក្រុងនេះ គឺជាសកម្មភាពយាយី «ឈ្លើយបំផុត» និង «មិនសមហេតុផលបំផុត» ជាមួយនឹង «ចេតនាគួរឱ្យស្អប់ខ្ពើម»។

កាលពីថ្ងៃសុក្រ ទី១៦ កក្កដា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីចិនចំនួន៧រូប ជុំវិញការបង្ក្រាបលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ រដ្ឋបាលលោកប្រធានាធិបតីចូ បៃដិនក៏បានចេញសេចក្ដីណែនាំថ្មីដើម្បីព្រមានដល់សហគ្រាសអាមេរិកអំពីហានិភ័យចំពោះប្រតិបត្តិការ និងសកម្មភាពរបស់ពួកគេនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីឆ្នាំមុន។
កាលពីល្ងាចថ្ងៃសុក្រ អ្នកនាំពាក្យស្នងការក្រសួងការបរទេសចិនប្រចាំហុងកុងបានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថាសកម្មភាពទាំងនេះ គឺជាការជ្រៀតជ្រែកដោយឥតលាក់លៀមចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងចិន។
អ្នកនាំពាក្យបាននិយាយថា៖ «ការព្រួយបារម្ភរបស់អាមេរិកចំពោះបរិស្ថានធុរកិច្ចហុងកុង គឺក្លែងក្លាយ។ ការប៉ុនប៉ងរបស់ពួកគេដើម្បីបំផ្លាញវិបុលភាព និងស្ថិរភាពបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ចិន ហើយរារាំងការអភិវឌ្ឍរបស់ចិនគឺពិត»៕
អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមផងដែរថាការអនុវត្តច្បាប់សន្តិសុខ បានពង្រឹងជំហររបស់ទីក្រុងហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ ហើយការដាក់ទណ្ឌកម្មនិងសម្ពាធរបស់សហរដ្ឋអាមេរិកគឺត្រឹមតែជា «ការខ្ជះខ្ជាយក្រដាស» ដែលនឹងមិនរារាំងប្រទេសចិនមិនឱ្យរីកចម្រើននោះទេ។