រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសចាក់វ៉ាក់សាំងហើយ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
លោក Sajid Javid មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអង់គ្លេស មានភារកិច្ចដឹកនាំការឆ្លើយតបនឹងជំងឺឆ្លងចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃ សៅរ៍ ថា លោកបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ – ១៩ បើទោះជាលោកបានចាក់វ៉ាក់សាំងរួចក៏ដោយ។

លោក Javid បាននិយាយថា គាត់បានធ្វើតេស្តកាលពីថ្ងៃ សៅរ៍ បន្ទាប់ពីមានអារម្មណ៍អស់កម្លាំង មិនស្រួលខ្លួនកាលពីយប់មុន។ គាត់បានចាក់វ៉ាក់សាំង AstraZeneca ទាំងពីរដូស ហើយនិយាយថា រហូតមកដល់ពេលនេះរោគសញ្ញារបស់គាត់គឺ ”ស្រាលណាស់” ។
ករណីនេះបានកើតឡើង ទន្ទឹមពេល ដែលប្រទេសអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មករកភាពដើមវិញ ក្រោយមានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសកាលពីដើមខែនេះថា ការពាក់ម៉ាស់ និងតម្រូវការពីចម្ងាយនៃសង្គម នឹងត្រូវបានដកចេញរួមជាមួយនឹង ការកំណត់ហ្វូងមនុស្ស ការជួបជុំឯកជន ការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាជាដើម។ ទន្ទឹមនឹងនេះ ករណីឆ្លងនៅក្នុងប្រទេសនេះ មានការកើនឡើងយ៉ាងខ្លាំង។ កាលពីសប្តាហ៍មុន មនុស្សចំនួន ៣០០.០០០ នាក់បានធ្វើតេស្ត៍វិជ្ជមាននៅប្រទេសនេះ ពោលគឺកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។