មន្ត្រីអាហ្វហ្គានីស្ថាន ជួបជាមួយតាលីបង់នៅប្រទេសកាតា ខណៈពេលដែលការប្រយុទ្ធគ្នាកើនឡើង

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៧ កក្កដា​ តំណាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ធ្វើ​ការ​ជួប​ពិភាក្សា​នៅ​ក្រុង​ដូហា ប្រទេស​កាតា​​ ខណៈ​ពេល​ដែល​អំពើ​ហិង្សា​ និង​ការ​ប្រយុទ្ធ​គ្នា​បាន​ឡើង​ក្នុង​ប្រទេស​ពួកគេ បន្ទាប់​ពី​ការ​ដក​ខ្លួន​កង​ទ័ព​បរទេស​។

ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​សន្តិភាព​ ដោយ​មិន​ទៀងទាត់​ជា​ច្រើន​ខែ​មក​ហើយ​នៅ​រាជធានី​របស់​ប្រទេស​កាតា​ ប៉ុន្តែ​សំទុះ​នៃ​ការ​ចរចា​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​ទទួល​ការ​ជោគជ័យ​ក្នុង​ការ​វាយ​ដណ្ដើម​ដែន​ដី​ពី​រដ្ឋាភិបាល​។

មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រួម​ទាំង​ អតីត​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​លោក Abdullah Abdullah ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​បាន​ប្រមូល​ផ្ដុំ​នៅ​សណ្ឋាគារ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​អធិដ្ឋាន​ពេល​ព្រឹក​។ ពួកគេ​ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ចរចា​មក​ពី​ការិយាល័យ​នយោបាយ​តាលីបង់​ប្រចាំ​កាតា​។

«(ពួក​យើង) គួរ​តែ​ចាត់​វិធានការ​ដើម្បី​បន្ត​ដំណើរ​ការ​សន្តិភាព ដើម្បី​ទប់​ស្កាត់​ការ​សម្លាប់​ប្រជាជន​» លោក Abdullah បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ពី​ព្រោះ​យើង​មិន​អាច​បង់​ថ្លៃ​ឈាម​នេះ​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ដែរ​»។

លោក​ Mullah Abdul Ghani Baradar ដែល​ជា​មេដឹកនាំ​មួយ​រូប​ និង​ជា​អ្នក​ចរចា​របស់​តាលីបង់​ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​កង្វះ​ការ​រីក​ចម្រើន​។ លោក​បាន​និយាយ​ថា​៖ «ប៉ុន្តែ​នៅ​តែ​មាន​ក្តី​សង្ឃឹម ហើយ​តាលីបង់​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ច​ចរចា​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​»​។

កង្វះ​ការ​រីក​ចម្រើន​ពី​ការ​ចរចា​មុន​ៗ​ បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ភាគី​ទាំង​២​ឱ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព ខណៈ​ពេល​ដែល​អាមេរិក​បាន​ប្ដេជ្ញា​ដក​ទាហាន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ទាំង​ស្រុង​ត្រឹម​ដំណាច់​ខែ​កញ្ញា​។

ស្រប​ពេល​នឹង​ការ​ប្ដេជ្ញា​នេះ​ តាលីបង់​បាន​ធ្វើ​ការ​អះអាង​ថា​ពួកគេ​បាន​ចូល​កាន់​កាប់​ ៨៥% នៃ​ផ្ទៃដី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ប៉ាន់ស្មាន​ថា​តាលីបង់​ចូល​កាន់​កាប់​ជាង​ពាក់​កណ្ដាល​នៃ​ផ្ទៃដី​អាហ្វហ្គានីស្ថាន​។

នៅ​ក្នុង​ការ​ប៉ះទង្គិច​ចុង​ក្រោយ​បង្អស់​នៃ​ការ​ប្រយុទ្ធ​គ្នា​ប្រជាជន​ប្រមាណ ១២.០០០ គ្រួសារ​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ត្រូវ​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើត​មាន​។

នៅ​ខេត្ត Kandahar ភាគ​ខាង​ត្បូង​ប្រទេស​ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង ហើយ​ក្រុម​តាលីបង់​នៅ​ដើម​សប្ដាហ៍​នេះ​បាន​ដណ្ដើម​កាន់​កាប់​តំបន់ Spin Boldak ដែល​ជា​តំបន់​ជាប់​ព្រំដែន​ប៉ាគីស្ថាន ប៉ុន្តែ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បាន​ចូល​គ្រប់គ្រង​ច្រក​ព្រំដែន​នេះ​ឡើង​វិញ​។

មន្ត្រី​នៅ​ព្រំដែន​ប៉ាគីស្ថាន បាន​និយាយ​ថា​ការ​ឆ្លង​កាត់​បាន​បើក​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍ ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ​អាហ្វហ្កាន​រាប់​រយ​នាក់​ ដែល​ជាប់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​ ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ។

ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ បាន​ឱ្យ​ដឹង​ថា​ប្រជាជន​ជាង ២,០០០ នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​ក្នុង​ខេត្ត​Kandahar ក្នុង​ខែ​នេះ​។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​ បាន​ប៉ាន់ស្មាន​ថា​មាន​ជនជាតិ​អាហ្វហ្គានីស្ថាន​ចំនួន ២៧០,០០០ នាក់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ចាប់​តាំង​ពី​ខែ​មករា ដែល​បាន​នាំ​យក​ចំនួន​ប្រជាជន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន​កើន​ដល់​ទៅ​ជាង ៣.៥ លាន​នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner