សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ ” សុខភាពកុមារកម្ពុជានាពេលអនាគត “
ប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភ: ឆ្នាំ២០២០ ក្រោមប្រធានបទ ” សុខភាពកុមារកម្ពុជានាពេលអនាគត ” ក្រោមអធិតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា-ទារក-កុមារ នៅទូទាំងប្រទេស នៅព្រឹក ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០។

ដោយពិធីនេះរៀបចំនៅសាលប្រជុំរោងកុនខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច សរុបប្រមាណជាង ៣៥០នាក់។
ថ្លែងក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបងប្អូន កូនក្មួយជាស្ត្រី និងមាតាទាំងអស់ ទូទាំងខេត្តប៉ៃលិន ដោយក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារលិខិតផ្តល់ជាអនុសាសន៍ជូនបង-ប្អូន រួមជាតិជាពិសេសស្ត្រីមានផ្ទៃពោះ និងស្រ្តីជាមាតាក្នុងការថែទាំសុខភាព និងកូនរយៈពេល ១,០០០ថ្ងៃ ដូចខាងក្រោម៖
១- សូមឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យនិងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តិ៍ឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីម្តាយទៅកូន។
២- សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣- សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុ២ឆ្នាំ។
៤- សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ(បបរខាប់គ្រប់គ្រឿង)រួមជាមួយការបន្ត បៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥- សូមប្រញ៉ាប់យកកុមារឬទារកទោមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរាគ ឬជម្ងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខាក្រុង ស្រុក អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយជាស្រ្តីសម្រាលកូនតូចនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយក្នុងអង្គពិធី និងចុះសួរសុខទុក្ខ លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានឧបត្ថម្ភដល់ស្រ្តី មានផ្ទៃពោះ ស្រ្តីមានកូនតូច និងស្រ្តីកំពុងសម្រាកសម្រាលកូនក្នុងមន្ទីរពេទ្យសរុបប្រមាណជាង ៣០០នាក់ ក្នុងម្នាក់ៗមាន ឃីតចំនួន ១ និងថវិកាមួយចំនួនផងដែរ៕









