សមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៦កញ្ចប់
ភ្នំពេញ ៖ ស្ត្រីសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនជាក់ស្តែង រួមជាមួយថ្នាំញៀន៦កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និងសម្ភារៈ ឧបករណ៍ជក់មួយចំនួន ក្រោមបញ្ជារលោកវរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្ទះជួលលេខ១ ផ្លូវបេតុង ក្រុម២០ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ស្ត្រីសង្ស័យនគរបាលឃាត់ខ្លួនបាន ឈ្មោះ សុខ ចាន់ អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុ ដកហូតបានថ្នាំញៀន៦កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ ឧបករណ៍ជក់ ថង់ច្រកមួយចំនួន ។ តាមប្រសាសន៍លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀនបានឲ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងស្រាវជ្រាវ រហូតចុះបង្ក្រាបចាប់ជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួចនាំខ្លួនរួមជាមួយវត្ថុតាង ទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយៈចាន់តូ


