ភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុបខាងលិចបានបណ្តាលអោយមានមនុស្សស្លាប់
សុខ ស្រីលុច
នៅប្រទេសអាល្លឺម៉ង់មនុស្សយ៉ាងតិច ១៣៣ នាក់បានស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទឹកជំនន់នៅប្រទេសអាល្លឺម៉ង់ និងអ៊ឺរ៉ុបលើកនេះក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជិត ៦០ ឆ្នាំ។
តំបន់ Ahrweiler ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Cologne បានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិចណាស់ ៩០ នាក់ក្នុងនោះមានអ្នកពិការចំនួន ១២ នាក់ដែលស្នាក់នៅមជ្ឈមណ្ឌលថែទាំងជនពិការ។

តាមការរាយការណ៍របស់សារព័ត៌មាន CNN នៅតាមដងទន្លេ Rur នៅរដ្ឋ North Rhine-Westphalia ភាគខាងលិចប្រទេសអាឡឺម៉ង់មានទំនប់វារីអគ្គិសនីមួយបានបាក់កាលពីយប់ថ្ងៃទី ១៦ កក្កដា។ នៅថ្ងៃដដែលនោះ អាជ្ញាធរអាល្លឺម៉ង់បានចាប់ផ្តើមជម្លៀសប្រជាជនប្រហែល ៧០០ នាក់នៅ Ophoven ក្នុងទីក្រុង Wassenberg ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាឡឺម៉ង់បានផ្សាយថា គេហដ្ឋានប្រហែល ២៥ ខ្នងកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំនៅក្នុងស្រុក Schuldbei Adenau ក្នុងតំបន់ភ្នំ Eifel ដែលជាកន្លែងប្រកាសអាសន្ន។ ផ្ទះមួយចំនួនត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារលំហូរទឹក ហើយក្រុមជួយសង្រ្គោះមិនអាចទៅដល់តាមទូកបានទេ។
រដ្ឋរបស់ប្រទេសអាឡឺម៉ង់ដូចជា Rhineland-Palatinate និង North Rhine-Westphalia ក្នុងប្រទេសអាល្លឺម៉ង់រងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែប្រទេសហូឡង់ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ កាលពីថ្ងៃទី ១៦ កក្កដាមានការព្យាការណ៍ដែលថា អាចមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ ខណៈដែលមន្រ្តីមូលដ្ឋានបានស្តីបន្ទោសការរងការខូចខាតនេះបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

លោក Armin Laschet នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ North Rhine-Westphalia បានស្តីបន្ទោសបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីការកើនឡើងនូវកម្តៅផែនដីក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ដែលរងគ្រោះដោយសារទឹកជំនន់នេះខ្លាំង។
តាមការស្រង់សម្តីរបស់សារព័ត៌មាន BBC លោកបាននិយាយថា៖ « យើងនឹងប្រឈមមុខនឹងព្រឹត្តិការណ៍បែបនេះម្តងហើយម្តងទៀត ហើយនោះមានន័យថាយើងចាំបាច់ត្រូវពន្លឿនវិធានការការពារអាកាសធាតុ…ពីព្រោះការប្រែប្រួលអាកាសធាតុមិនត្រូវបានកំណត់ចំពោះរដ្ឋតែមួយទេ »។
អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងបង្កើនផលប៉ះពាល់ច្រើន ប៉ុន្តែប្រសិនបើភ្ជាប់ហេតុការណ៍មួយទៅនឹងការឡើងកម្តៅពិភពលោកតែមួយគត់គឺមានភាពស្មុគស្មាញ។
អធិការបតីអាឡឺម៉ង់ លោកស្រី Angela Merkel បានហៅហេតុការណ៍នេះថាជា គ្រោះមហន្តរាយ ហើយបាននិយាយថា លោកស្រីមានភាពសោកសៅចំពោះអ្នកដែលបានបាត់បង់ជីវិតសោយសារគ្រោះមហន្តរាយនេះ ។

គួរបញ្ជាក់ផងដែរថា ប៉ូលីស និងទាហានជាច្រើននាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដែលរងផលប៉ះពាល់ដើម្បីជួយអ្នកស្រុកដែលកំពុងជាប់គាំងនៅក្នុងគេហដ្ឋានរបស់ពួកគេ។ ប្រជាជនជាច្រើនបានឡើងទៅលើដំបូលផ្ទះដើម្បីរង់ចាំាការជួយសង្គ្រោះពីសំណាក់ក្រុមការងារសង្រ្គោះបន្ទាន់របស់រដ្ឋាភិបាល។ នៅភាគខាងលិចនៃប្រទេសអាឡឺម៉ង់សាលារៀនក៏ត្រូវបានបិទ។

ប្រភព៖
https://www.aljazeera.com/news/2021/7/17/this-is-climate-change-germany-deals-with-flood-aftermath
https://www.bbc.com/news/world-europe-57846200
https://edition.cnn.com/2021/07/16/europe/germany-deaths-europe-severe-flooding-intl/index.html