មាត្រាខ្លះក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ក្រសួងមហា ផ្ទៃ គ្រោងនិងធ្វើវិសោធកម្មនូវមាត្រាមួយចំនួននឹង រឹតបន្តឹងបន្ថែមទៀត ក្នុងការបង្កើននូវការផាកពិន័ យ និងកំណត់ទោសទណ្ឌបន្ថែមទៀត
ថ្លែងក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំ២០១៩របស់រដ្ឋបាលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងថា៖ ក្រសួងមហាផ្ទៃ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោកនៅក្នុងមាត្រាខ្លះព្រមទាំងបង្កើននូវការផាកពិន័យ រួមទាំងកំហិតនូវទោសទណ្ឌផងដែរ។
សម្តេចក្រឡាហោម ក៏បានបន្ថែមទៀតថា៖ការកែលម្អមាត្រាច្បាប់និងការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺក្នុងគោលបំណងឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែល្អ និងប្រសិទ្អភាព ក្នុងការជួយកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើង ឲ្យស្ថិតនៅក្នុងកំរិតទាបបំផុតនិងដើម្បីបញ្ចៀសពីការគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ កើតមានកន្លងមកនេះ។
ការថ្លែងរបស់សម្តេចក្រឡាហោម បែបនេះ គឺនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០នេះ ដែលបានប្រារព្វធ្វើឡើង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងថា៖ ក្រសួងមហាផ្ទឌ នឹងធ្វើការត្រួតពិនិត្យ លើច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចដែលផាកពិន័យ ដើម្បីបង្កើនក្នុងការផាកពិន័យ និងពីការដាក់ទោសទណ្ឌ ដោយរួមទាំងធ្វើវិសោធនកម្មច្បាប់មួយនេះ នៅត្រង់មាត្រាមួយចំនួន បន្ថែមទៀតផងដែរ ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា៖ អត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន គឺជាគ្រោះថ្នាក់មួយដ៏ច្រើននិងកាន់តែកើនឡើងធ្ងន់ធ្ងរ។ ជាពិសេស នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងនិងមានការកើនឡើងយ៉ាងគំហុករហូតមកដល់ខែមករា ដើមឆ្នាំ២០២០នេះ បញ្ហាគ្រោះថ្នាក់នៅលើដងផ្លូវនេះ ក៏កំពុងតែមានការកើនឡើងច្រើនដែរ។ ប៉ុន្តែ នៅខែកុម្ភៈនេះ គឺមានការថយចុះប្រមាណ៣០%។ សម្ដេចបានបន្ថែមទៀតថា នៅពេលឆាប់ៗខាងមុខនេះ ចំពោះមាត្រាក្នុងកន្លែងដែលមានការផាកពិន័យនេះ នឹងត្រូវលើកយកមកពិនិត្យ ដើម្បីបង្កើននូវការផាក់ពិន័យ ហើយបន្ទាប់នោះក្រសួងនឹងមានវិធានការក្នុងការផ្សព្វផ្សាយដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ហើយនិងធ្វើការប្រកាសជាសាធារណៈ ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប និងដើម្បីទទួលបានការគាំទ្រ និងឲ្យពួកគាត់ចូលរួមក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយធ្វើការផាកក្នុងការផាកពិន័យនេះអាចនឹងធ្ងន់ជាង ការផាកពិន័យនាពេលបច្ចុប្បន្ន។ ការធ្វើបែបនេះ គឺ៖គ្មានគោលបំណងអ្វីក្រៅពីការពារជីវិតមនុស្ស និងប្រជាពលរដ្ឋយើងនោះទេ ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកនុងជំរុញទៅដល់អាជ្ញាធរខេត្តទាំងអស់ ទាំងរដ្ឋបាលខេត្តនិងមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ និងគ្រប់កងកម្លាំងសមត្ថកិច្ច និងពី គ្រប់មជ្ឈដ្ឋាននានា ត្រូវតែបង្កើនការផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងត្រូវខិតខំបំផុសដាក់ស្លាកសញ្ញចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែច្រើនថែមទៀត ។និងមានវិធានការទប់ស្កាត់ លុបបំបាត់ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលបង្កការបាំងស្លាកសញ្ញាចរាចរណ៍ នៅក្បែរទីនោះ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញដល់ក្រុមប្រឹក្សាខេត្ត និង រដ្ឋបានខេត្តបាត់ដំបង ត្រូវតែខិតខំបន្តបម្រើសេវាសាធារណៈ ក៏ដូចជាសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបាន់កាន់តែល្អប្រសើរថែមទៀត។ ជាពិសេស ត្រូវខិតខំអនុវត្តនូវកំណែទម្រង់នានារបសរាជរដ្ឋាភិបាល បានដាក់ឲ្យខេត្តបាត់ដំបង ជាខេត្តអនុវត្តសាកល្បង និងជាគំរូមុនគេ ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ និងវិស័យសុខាភិបាល នាពេលថ្មីៗកន្លងមកនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )










