លោក បូរីស ចនសុន អំពាវនាវអោយមានការប្រុងប្រយ័ត្ន នៅពេលដែលចក្រភពអង់គ្លេសដកចេញវិធានការរឹតត្បិតទប់ស្កាត់ Covid-19 ទាំងស្រុង (មានវីដេអូ)
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទនេះ បានដកចេញវិធានការរឹតត្បិតទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងចក្រភពអង់គ្លេសទាំងស្រុង នៅក្នុងជំហានមួយដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត និងគណបក្សប្រឆាំង ជុំវិញគ្រោះថ្នាក់ដែលមិនអាចដឹងមុន ។
ចាប់ពីថ្ងៃនេះតទៅ ក្លឹបរាត្រីអាចបើកឡើងវិញ ហើយព្រឹត្តិការណ៍នានាអាចជួបជុំមនុស្សដោយមិនកំណត់ ខណៈដែលការពាក់ម៉ាស និងធ្វើការនៅផ្ទះក៏ត្រូវបានដកចេញផងដែរ ។ លោក ចនសុន បានការពារការបើកប្រទេសឡើងវិញ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយហៅថា ថ្ងៃសេរីភាព “Freedom Day” បើទោះបីជាមានការព្រមាន និងការរិះគន់ពីក្រុមអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីអត្រាឆ្លងវីរុសប្រចាំថ្ងៃនៅអង់គ្លេសបានកើនឡើងដល់៥ម៉ឺនករណី តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី និងប្រេស៊ីល ។ លោក ចនសុន បានថ្លែងសារនៅក្នុងវីដេអូមួយថា ប្រសិនបើយើងមិនធ្វើវាឥឡូវនេះទេ ដូច្នេះយើងគួរតែសួរខ្លួនយើងថា នៅពេលណាដែលយើងត្រូវធ្វើវា? នេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែយើងក៏ត្រូវតែធ្វើវាដោយប្រុងប្រយ័ត្នផងដែរ… យើងត្រូវចាំថា វីរុសនេះនៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ។
គួរកត់សម្គាល់ បើតាមការិយាល័យ Downing Street នោះ លោក បូរីស ចនសុន នឹងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅឯវិមាន ឈែកឺស៍ (Chequers) ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈដែលរដ្ឋមន្ត្រីរតនាគារអង់គ្លេស លោក រីហ្ស៉ី ស៊ូណេក ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ ៕ ប្រភព៖ Reuters


