សហព័ន្ធប្រដាល់សកលកម្ពុជា បង្កើតគណៈកម្មការប្រដាល់សកលអាជីព ដើម្បីជំរុញការអភិវឌ្ឍស្វែងរកមេដាយ ពីស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ សហព័ន្ធប្រដាល់សកលកម្ពុជា បង្កើតគណៈកម្មការប្រដាល់សកលអាជីព ក្នុងគោលបំណង សម្រាប់គ្រប់គ្រងអភិវឌ្ឍន៍ កីឡាប្រដាល់សាកលអាជីព អោយស្របទៅតាមផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២០ដល់២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍកីឡាប្រដាល់សកលអាជីពនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍន៍ឱ្យស្របតាមនីតិវិធី និងលក្ខខណ្ឌរបស់ស្ថាប័នកីឡាប្រដាល់សកលអាជីពអន្តរជាតិ (WBA,WBC,WBO) ដែលតម្រូវឱ្យបង្កើតគណៈកម្មការប្រដាល់សកលអាជីពមួយ ទើបមានសិទ្ធិចូលជាសមាជិកផ្លូវការរបស់ស្ថាប័នទាំងនោះបាន ។

នេះបើតាមការបញ្ជាក់ពីលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគារគណៈកម្មការអូឡាំពិកកម្ពុជា ។ លោក ឆឹង យ៉ៅយ៉េន បានអោយដឹងទៀតថា ជាយុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធគឺយើង នឹងធ្វើការផ្តោតបន្ថែមលើការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលអាជីព ចាប់ពីឆ្នាំ២០២០នេះទៅ ទើបយើងអាចបង្កើតបានធនធានកីឡាករ-កីឡាការនី ដែលមានគុណភាព និងសិទ្ធផល កីឡាខ្ពស់អាចឈានទៅដណ្តើមមេដាយ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បាន ពីព្រោះទីផ្សារកីឡាប្រដាល់សកលអាជីព នៅលើពិភពលោក មានសក្ដានុពលខ្លាំងជាងប្រដាល់សកលស្ម័គ្រចិត្ត ហើយស្ថានភាពបច្ចុប្បន្ន របស់សមាគមកីឡាប្រដាល់សកលអន្តរជាតិ (AIBA) កំពុងស្ថិតក្នុងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារបញ្ហាអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួន និងបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សំរេចផ្អាកការផ្ដល់ជំនួយដល់ការអភិវឌ្ឍកីឡាប្រដាល់សកលស្ម័គ្រចិត្តនៅទូទាំងពិភពលោក ។

ដោយមូលហេតុនេះហើយ ទើបសហព័ន្ធសម្រេចផ្លាស់ប្ដូរគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈការបង្កើតគណៈកម្មការប្រដាល់សកលអាជីពកម្ពុជានាពេលនេះ ដោយមានភាគីជប៉ុន ជាដៃគូសហការដ៏ល្អ ក្នុងកិច្ចដំណើរការការងារឆ្ពោះទៅអភិវឌ្ឍប្រដាល់អាជីព។ លោក ប្រធានសហព័ន្ធ បញ្ជាក់ទៀតថា គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា គឺជាអង្គភាពតែមួយគត់ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការគ្រប់គ្រងដឹកនាំអភិវឌ្ឍន៍ និងលើការរៀបចំព្រឹត្តិការណ៍ប្រកួត និងសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ធនធាន និងសម្របសម្រួលកីឡាករ កីឡាការិនីប្រដាល់សកលអាជីពកម្ពុជា មានឪកាសចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នកីឡាប្រដាល់សកលអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគណកម្មការប្រដាល់សកលអាជីពកម្ពុជា កំពុងធ្វើការទំនាក់ទំនងជាមួយគណៈកម្មការប្រដាល់សកលជប៉ុន ក្នុងការសហការភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីពនៅកម្ពុជា តាមរយៈការស្វែងរកឱកាសអោយកីឡាករ កីឡាការនីកម្ពុជា ទៅហ្វឹកហាត់ ឬចូលរួមប្រកួតកម្មវិធីប្រដាល់សាកលអាជីពនៅជប៉ុន ក៏ដូចជាពិភាក្សាលើកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រដាល់សកលអាជីពនៅកម្ពុជាផងដែរ ៕