ផ្សោតនៅទន្លេមេគង្គខេត្តក្រចេះកើតកូនមួយក្បាលថ្មីទៀត អាជ្ញាធរថា នេះជា កូនផ្សោតទី៣ដែលបានកើតនាដើមឆ្នាំ២០២០
ខេត្តក្រចេះ ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបានគេ ប្រទះឃើញហែលកំពុងហែលក្នុងទឹកទន្លេមេគង្គនៅអងន្លង់ផ្សោតកាំពី ជាមួយនឹងមេរបស់វា ដ៏ធំមួយក្បាល។
ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវអះអាង ថា គឺជាកូនផ្សោតទី៣ ដែលត្រូវបានចាប់កំណើតនៅដើមឆ្នាំ២០២០នេះ ដែលបានកើតចេញ ពីពពួកមេផ្សោតដែលរស់នៅក្នុងអន្លង់ផ្សោតកាំពីស្ថិតនៅ ក្នុងឃុំសំបុក ស្រុកចិត្របុរី។
ក្រុមមន្រ្តីអភិរក្សបានលើកឡើងដោយធ្វើការសន្និដ្ឋានថា កូនផ្សោតតូចមួយក្បាលនេះ គឺអាចទើបនឹងកើតក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ដោយសារផ្សោតនៅតូច ទើបក្រុម មន្រ្តីជំនាញមិនអាចពិនិត្យដឹងថា ជាញីឬក៏ឈ្មោលនៅឡើយទេ។ កូនផ្សោតនេះ ក៏ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់អង្គការអភិរក្សប្រទះឃើញកំពុងតែ ហែលលេងក្នុងទឹកទន្លេជាមួយមេរបស់វាកាលពីថ្ងៃទី២៣ ខែកុម្ភៈ។

នាយរងខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លក បានថ្លែង ឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ នេះថា គិតមកទល់ថ្ងៃនេះ កូនផ្សោតមួយកបាលនេះ បានចាប់ កំណើតមានរយៈពេលជិត១សប្តាហ៍មកហើយ។ ដោយមានសុខភាពមាំមួន។ រាប់ទាំងកូន ផ្សោតមួយក្បាលដែលក្រុមមន្រ្តីរបស់លោក បានប្រទះឃើញនេះ គឺជាកូនផ្សោតក្បាលទី៣ ដែលបានកើតជាបន្តបន្ទាប់នាដើមឆ្នាំ២០២០ ខណៈការងាប់របស់សត្វផ្សោតតូចធំ បង្កដោយសារជំងឺឈឺចាស់ និងដោយសារកត្តាផ្សេងៗនាដើមឆ្នាំ២០២០នេះ គឺនៅមិនទាន់ កើតមាននៅឡើយនោះទេ ។

បើតាមលោក ម៉ុក ពន្លក ប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ និងជានាយ រងខណ្ឌរដ្ឋបាលជលផល លោកធ្លាប់បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃទន្លេ មេគង្គខេត្តក្រចេះមានសត្វផ្សោតរស់នៅក្នុងចន្លោះពី៥៥ទៅ៦០ក្បាល។ សត្វផ្សោតទាំងអស់ នេះសព្វថ្ងៃកំពុងតែរស់នៅ តាមអន្លង់ចំនួន៥អន្លង់ធំៗក្នុងទន្លេមេគង្គខេត្តក្រចេះ។ អន្លង់ទាំង នោះមានដូចជា អន្លង់ខ្សាច់ ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្តៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី។

ក្នុងចំណោមអន្លង់ធំៗទាំង៥ គឺអន្លង់ផ្សោតកាំពីមានសត្វផ្សោតរស់នៅច្រើន ជាងគេក្នុង ចន្លោះចាប់ពី២០ទៅ ៣០ក្បាល។ ដោយលោកបានធ្វើការប៉ាន់ប្រមាណក្នុង ឆ្នាំ២០២០នេះ សត្វផ្សោតគឺអាចមាន កំណើនដល់ទៅជិត២០ក្បាល តាមរយៈការបង្កកំណើត៕
ដោយ៖ ប៊ុន លីនណា
