សម្តេចតេជោ អញ្ជើញសម្ពោធផ្លូវលើទឹកដីអតីតសមរភូមិព្រំដែនកម្ពុជា-ថៃ ប្រវែង១៧៤គីឡូម៉ែត្រ ប៉ោយប៉ែត ឧត្តមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯ.ឧ វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។

ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យ ប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។

ឯ.ឧ រដ្ឋមន្ត្រីបន្តថា ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។

ផ្លូវនេះចំណាយថវិកាសរុប ១២២.៩៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ជាពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គឺជាអតីតសមរភូមិសង្គ្រាមរវាងខ្មែរ និងខ្មែរ ដ៏ស្រួចស្រាវបំផុតមុនឆ្នាំ១៩៩៨។ ផ្លូវជាតិលេខ៥៨ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយកើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងនូវសង្រ្គាមដ៏រ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពាសពេញផ្ទៃប្រទេស។

ផ្លូវជាតិលេខ៥៨ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តសម្រាប់ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត។

សុខសន្តិភាពពេញលេញទូទាំងប្រទេស បានប្រែក្លាយតំបន់នៅតាមសងខាងផ្លូវជាតិនេះ ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ និងដីចំការមីន ទៅជាតំបន់សំបូរទៅដោយដីមានជីវជាតិ មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ប្រកបមុខរបរធ្វើអាជីវកម្ម កសិកម្ម និងស្រែចំការ ជាពិសេសដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្មជាច្រើនផ្សេងទៀត ដូចជា ដំឡូងមី ពោត សណ្តែកជាដើម។

តាមរយៈខ្សែផ្លូវនេះ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្មរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយពេលតិច។ ទាំងនេះជាកត្តាយ៉ាងសំខាន់ ចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។

សម្តេចតេជោបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា÷   សម្ដេចបានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជាព្រមទាំងប្រតិភូខេត្តស្រះកែវរបស់ប្រទេសថៃ។សម្ដេចបានបញ្ជាក់ថាថ្ងៃនេះពិតជាមានការរីករាយដោយបានរួមជាមួយនឹងប្រជាពលរដ្ឋយើងនៅទីនេះបានជួបជុំគ្នាដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ 58 ប្រវែង 174 គីឡូម៉ែត្រពីប៉ោយប៉ែតទៅដល់ក្រុងសំរោងខេត្តឧត្តរមានជ័យក្រោមហិរញ្ញប្បទានរបស់ប្រទេសចិន។

ជាមួយសមទ្ធិផលនេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្រតួនាទីរបស់សម្ដេចដើម្បីបន្តដឹកនាំស្វែងរកការបង្រួបបង្រួមជាតិនិងផ្សះផ្សារជាតិ។ សម្តេចបានបញ្ជាក់ផងដែរថាជាមហិច្ឆតារបស់សម្ដេចតេជោ សម្តេចមិនត្រឹមតែដឹកនាំនៅពេលនេះទេ។សម្ដេចនឹងបន្តដឹកនាំរហូតដល់ឆ្នាំ 2028 ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅទីនេះនឹងបន្តបោះឆ្នោតគាំទ្រសម្ដេចនឹងគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

ភ្ជាប់ជាមួយផ្លូវនេះ សម្ដេចក៏បានបញ្ជាក់ថា ផ្លូវនេះបានដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចនៅគោលបំណងពីរក្នុងពេលតែមួយនោះទីមួយគឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ទៅជាទីផ្សារនិងជាតំបន់ដែលមានការអភិវឌ្ឍ និងទី២ការប្រែក្លាយតំបន់ព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងជាតំបន់សន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្ដេចថានេះគឺជាសមិទ្ធផលនៃការអនុវត្តនូវនយោបាយឈ្នះឈ្នះដែលសម្ដេចបានដាក់ចេញកាលពីឆ្នាំ ១៩៩៨ហើយសម្ដេចតេជោពិតជាមានមោទនភាពណាស់ចំពោះគ្រប់កំលាំងទាំងអស់ដែលបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះនេះបាននាំមកនូវការបញ្ចប់សង្រ្គាមមានការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ និងការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា។ជាថ្មីទៀតសម្តេចថា÷ការសម្ភោធសមិទ្ធផលថ្ងៃនេះក៏បង្ហាញឲ្យឃើញថែម ទៀតនូវចំណងទាក់ទងដ៏ស្អិតរមួតរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ក៏បានយកវេទិកានេះ ផ្តាំទៅកាន់មនុស្សមួយចំនួនដែលតែងតែគិតខុស លើអ្វីដែលជាទំនាក់ទំនងរវាងកម្ពុជាចិន ។សម្តេច គ្រាន់តែបញ្ជាក់ថាបើចិនមិនជួយកម្ពុជាទេ តើមានវត្តមានផ្លូវជាតិលេខ 58 ,១៧៤គីឡូនៅថ្ងៃនេះទេ បើគ្មានជំនួយពីចិន តើយើងមានវត្តមានផ្លូវជាតិលេខ 59 ភ្ជាប់ពីផ្លូវបន្ទាយមានជ័យទៅកាន់បាត់ដំបងនឹងទៅកាន់ប៉ៃលិនទេ?បើគ្មានជំនួយពីចិនតើយើងមានផ្លូវជាតិលេខ 57 ពីបាត់ដំបងទៅប៉ៃលិននិងផ្លូវជាតិលេខ 57B ដែលតភ្ជាប់រវាងផ្លូវថ្មគោលជាមួយនឹងព្រំដែនកម្ពុជាថៃនៅក្នុងខេត្តបាត់ដំបងទេ?, នេះគ្រាន់តែជាការបញ្ជាក់ប្រាប់មនុស្សមួយចំនួន ដែលអគតិចំពោះចិនតែប៉ុណ្ណោះ ដើម្បីធ្វើការដាស់តឿនរំលឹកគេថា អ្នកបានគិតខុសហើយ អ្នកគិតអំពីបញ្ហាអ្វីជារឿងរបស់អ្នក តែអ្នកបានបំផ្លិចបំផ្លាញនូវផលប្រយោជន៍ប្រជាជនកម្ពុជាលើការជាក់ស្ដែង។

សម្តេចថា ថ្ងៃនេះយើងរួមគ្នាសម្ពោធផ្លូវជាតិលេខ៥៨នេះ , នៅថ្ងៃទី 9 ខែមិនាខាងមុខនេះ នឹងទៅសម្ពោធដាក់ឲ្យប្រើប្រាស់នៅផ្លូវជាតិលេខ 55 ពី វាលវែងនៃខេត្តពោធិ៍សាត់ មកដល់ថ្មដាព្រំដែនកម្ពុជាថៃ ហើយនឹងបើកការដ្ឋានដើម្បីស្ថាបនាផ្លូវជាតិលេខ 10 ជាផ្លូវប្រភេទថ្មីដែលតភ្ជាប់សំឡូតទៅកាន់ខេត្តកោះកុងតែម្ដង ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ។

សម្តេចបន្តថា ចិន មានបញ្ហាក៏ប៉ុន្តែចិន មិនបានលុបចោលនូវគម្រោងផ្លូវមួយខ្សែប្រវែងជាង 100គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុងនោះទេ ហើយក៏
នៅមានគម្រោងដទៃទៀត ចិននៅតែបន្តនៅការផ្ដល់នូវហិរញ្ញប្បទានក៏ដូចជាជំនួយឥតសំណងសម្រាប់កម្ពុជា, នេះគឺមានអត្ថន័យខ្លាំងណាស់ ។

ជាមួយនេះ ឯកឧត្តមវ៉ាងវិន ធានបាននិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងការបញ្ជូនឲ្យបានឆាប់នូវវត្ថុធាតុដើមជាក្រណាត់ ដែល៦០ភាគរយនៃសាច់ក្រណាត់កាត់ដេរនៅកម្ពុជា ត្រូវយកពីចិន។ ហើយយើងសង្ឃឹមថាឯកឧត្តមវ៉ាងវិនធាននឹងចូលរួមចំណែកដើម្បីជួយសម្រាប់ឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន អាចសង្គ្រោះកុំឱ្យបិទរោងចក្រនៅកម្ពុជា ដោយសារខ្វះវត្ថុធាតុដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner