អភិបាលខេត្តស្វាយរៀងណែនាំដល់សមត្ថកិច្ចជំនាញត្រូវបន្តធ្វើការណែនាំ អប់រំច្បាប់ចរាចរណ៍ ព្រមទាំងអនុវត្តន៍វិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តន៍ផែនការសកម្មភាព ស្ដីពីការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០នេះ បានថ្លែងប្រាប់ដល់មន្ត្រីជំនាញត្រូវធ្វើការណែនាំ អប់រំ ព្រមទាំងអនុវត្តន៍វិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬយោគយល់ជាដាច់ខាត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកទំនិញធុនធំ រថយន្តកុងទីន័រ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ (រថយន្តក្រុង) ។ ពិធីនេះធ្វើឡើងនៅសាលាប្រជុំធំ អគារ ឃ សាលាខេត្តដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធជិត៤០០នាក់ផងដែរ។

លោកម៉ែនវិបុលបានបន្តថាក្នុងនាមជាអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដល់លោក លោកស្រី សមាជិក សមាជិកាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ ព្រមទាំងកងកម្លាំង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការរួមចំណែកផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានយ៉ាងទូលំទំលាយ នាពេលកន្លងមក ។

លោកអភិបាលខេត្តស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើរដល់លោកលោកស្រីដែលជាសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍គ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកដោយផ្ដោតជាសំខាន់ លើការបើកបរហួសល្បឿនកំណត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀនមិនប្រកាន់ស្ដាំការជែងក្នុងស្ថានភាពគ្រោះថ្នាក់ការមិនគោរពសិទ្ធិអាទិភាព ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្តពាក់មួកសុវត្ថិភាពឲ្យបានច្រើនជាអតិបរមា ។

លោកបានបន្តថាចំពោះគ្រប់មន្ទីរ-អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន រោងចក្រ និងសហគ្រាស គួររៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុង មិនអនុញ្ញាតឲ្យចូលធ្វើការ ឬចូលរៀនក្នុងករណីជិះទោចក្រយានយន្ត (ម៉ូតូ) មិនពាក់មួកសុវត្ថិភាព និងបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ ។ ជាមួយនេះត្រូវបង្កើនការត្រួតពិនិត្យអ្នកបើកបរមានជាតិអាល់កុល និងគ្រឿងញៀនជាពិសេសមុខសញ្ញាអ្នកបើកបរថយន្តកុងទឺន័រ រថយន្តដឹកទំនិញធុនធំ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរពេលយប់ ។

លោកបានបន្ថែមថាត្រូវបង្កើនកម្មវិធីអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវនៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ ជាពិសេសតំបន់ដែលនៅជាប់ផ្លូវជាតិ និងតំបន់ងាយរងគ្រោះ ។ គួររៀបចំ និងចាត់តាំងក្រុមការងារជាលក្ខណៈទ្រង់ទ្រាយតូចតាមខ្នងផ្ទះ ផ្សព្វផ្សាយនូវខ្លឹមសារសង្ខេបខ្លីៗងាយយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិចរាចរណ៍ ។

លោកក៏បានថ្លែងលើកទឹកចិត្តដល់បណ្ដាក្រុង ស្រុក ឲ្យបង្កើត និងជំរុញចលនាប្រឡងប្រណាំងភូមិឃុំគ្មានគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើត «តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវជួយគាំទ្រក្នុងការរៀបចំផែនការជំរុញការងារនេះ ។ និងត្រូវបង្កើនការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសរថយន្តដឹកកម្មករ ដែលភាគច្រើនជារថយន្តចាស់ៗ ។លោកបន្តថាត្រូវបន្តត្រូវពង្រឹងការគ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃ និងដំឡើងយានយន្តក្នុងខេត្ត(បច្ចុប្បន្នមានចំនួន ៦កន្លែង) ដើម្បីទប់ស្កាត់កុំឲ្យកើតមាននូវការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេសដែលជាប្រភពបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

សូមបញ្ជាក់ថាបើផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងចំនួន ១៥២លើក ថយចុះ ១៤លើក ស្មើនឹង ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ បណ្ដាលឲ្យមនុស្សស្លាប់ ៩៣នាក់ កើនឡើង ១៥នាក់ ស្មើនឹង ១៦% មនុស្សរងរបួសធ្ងន់ ១១១នាក់ ថយចុះ ២០នាក់ ស្មើនឹង ១៥% មនុស្សរងរបួសស្រាល ១៥៨នាក់ កើនឡើង ៤៥នាក់ ស្មើនឹង ២៨% ដែលភាគច្រើនកើតឡើងដោយសារ ៖ បើកបរលើសល្បឿនកំណត់ ២៦% មិនប្រកាន់ស្ដាំ ២៤% មិនគោរពសិទ្ធអាទិភាព ១៩% បត់ឆ្វេង-ស្ដាំខ្វះការប្រុងប្រយ័ត្ន ១៥% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១១% ស្រវឹង ៥% និងបញ្ហាសុខភាព ៤% ។ហើយក្នុងនោះ គ្រោះថ្នាក់រថយន្តដឹកកម្មករ កើតឡើងចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៩១នាក់ និងក្នុងចំណោមអ្នកបើកម៉ូតូរងគ្រោះ ១៤២នាក់ មិនពាក់មួកសុវត្ថិភាពមានរហូតដល់ទៅ ៨៦នាក់ ស្មើនឹង ៦១%៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner