អាជ្ញាធរខេត្តបាត់ដំបង បានផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ ដែលបានចាក់រួច នូវក្នុងចំណោមពលរដ្ឋគ្រប់អាយុដែលត្រូវចាក់ជាង៧០ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

  លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងឲ្យដឹងថា៖ អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនិងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តខ្លួន ឲ្យបានប្រមាណជាង ៧០ម៉ឺននាក់ ខណៈដែលពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ត្រូវបានមន្ត្រីសុខាភិបាលបានធ្វើការចាក់រួចរាល់ទាំងពីរដូសរួចមកហើយ និងខ្លះទៀតកំពុងតែទទួលការចាក់និងទើបតែបានដូសទី១។លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា៖ក្នុងជំហានទី២ហើយរហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង ទើបតែទទួលបានវ៉ាក់សាំងប្រភេទ”ស៊ីណូហ្វាម”និង”ស៊ីណូវ៉ាក់” ប្រមាណជិត ២០ម៉ឺនដូស និងជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាល ។

លោកឱសថបណ្ឌិត វឿង ប៊ុនរេត  បានលើកឡើងទៀតថាបច្ចុប្បន្នខេត្តបាត់ដំបងកំពុងតែដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងក្រុង-ស្រុក ចំនួន៦និងកំពុងប្រព្រឹត្តិទៅដោយរលូននិងមិនមានបាតុភាពអ្វីរាំងស្ទះឡើយនិងស្របពេលពលរដ្ឋ មានក្ដីរីករាយយ៉ាងខ្លាំង ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងនេះ។តាមការបញ្ជាក់បន្ថែម របស់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត សម្រាប់ខេត្តបាត់ដំបងទាំងមូល អ្នកដែលមានអាយុគ្រប់និងអាចចាក់វ៉ាក់សាំងបានមានចំនួនប្រមាណជាង៧០ម៉ឺននាក់ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានទទួលវ៉ាក់សាំង ប្រមាណជិត២០ម៉ឺនដូសរួចហើយ ពីរាជរដ្ឋាភិបាលផងដែរ តាមរយៈក្រសួងសុខាភិបាលនិងបានចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកមានអទិភាព គ្រូសារអតីតយុទ្ធជន ក្នុងវគ្គទី១ បានប្រមាណជាង៤ម៉ឺននាក់ និងវគ្គទី២ក៏កំពុងតែដំណើរការចាក់ ចាប់តាំងពីថ្ងៃទី១២ខែកក្កដា មកនេះ ។

     នៅក្នុងឱកាសចុះពិនិត្យមើលពីដំណើរការចាក់វ៉ាក់សាំងកូវីដ-19 ប្រគេនដល់ព្រះសង្ឃជិត១ពាន់អង្គ នៅទូទាំងវត្តចំនួន៣២ក្នុងក្រុងបាត់ដំបង និងតាអាចារ្យយាយជីនៅក្នុងវត្ត នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថាស្ថានភាពនៃការឆ្លងរាតត្បាតពីជម្ងឺកូវីដ-19ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចាប់តាំងពីចុងខែមិថុនាមកនេះ ខេត្តបាត់ដំបង នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-19 កាន់តែមានកំណើនកើនឡើងជារៀងរាល់ថ្ងៃ ក្នុងចន្លោះពី ៥០នាក់ទៅ៨០នាក់  ហើយការឆ្លងនេះគឺជាការឆ្លងក្នុងសហគមន៍ ព្រមទាំងមានករណីអ្នកជម្ងឺស្លាប់ជាបន្តបន្ទាប់ផងដែរ។

       តាមរយៈ ការចាក់វ៉ាក់សាំងនេះផងដែរ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា៖ មកដល់ថ្ងៃនេះប្រជាពលរដ្ឋទាំង ១០សង្កាត់ ក្នុងក្រុងបាត់ដំបង បានទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាម “ដូសទី១”រួចប្រមាណជាង៦ម៉ឺននាក់ ក្នុងចំ ណោម អ្នកដែលត្រូវចាក់ សរុបប្រមាណ ១០ម៉ឺននាក់។

        ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងគូសបញ្ជាក់ថាមកដល់ពេលនេះ អាជ្ញាធរខេត្តបាននិងកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំជាមួយគ្រប់ស្ថាប័ននិងកងកម្លាំងពាក់ព័ន្ធទាំងវិធានសុខាភិបាល ទាំងវិធានរដ្ឋបាលទាំងការរឹតបន្តឹងនិងការអនុវត្តច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19ដោយគ្មានការដកថយនិងដើម្បីឈានទៅបញ្ចប់ការរាតត្បាតឆ្លងចូលក្នុងសហគមន៍ ឲ្យបានឆាប់។ ទន្ទឹមនឹងការប្រយុទ្ធកូវីដ- 19 មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងក័ កំពុងផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ ជូនពលរដ្ឋក្នុងក្រុងបាត់ដំបង និងបណ្តាស្រុកមួយចំនួនទៀតផងដែរ ដែលកំពុងមានការឆ្លងរីករាលដាលច្រើន។

      ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់តាមរយៈព្រះសង្ឃនៅទីនេះ សូមព្រះអង្គបន្តជួយផ្សព្វផ្សាយបន្ថែមទៀតពីបញ្ហាប្រឈម នៃការឆ្លងរាលដាលនិងរាតត្បាតពីជំងឺកូវីដ-19ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពុទ្ធបរិស័ទត្រូវចេះរស់នៅតាមបរិបទថ្មីនិងតាមបែបគន្លងថ្មី ក្នុងកាលៈទេសៈ ពីបញ្ហាប្រឈមដោយការរាតត្បាតជាសកលពីជម្ងឺកូវីដ-19និងត្រូវតែប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន នូវវិធាន ៣.ការពារ និង៣.កុំ ឲ្យបានម៉ឺងម៉ាត់។ហើយអ្វីផ្តោតសំខាន់ទៀតនោះសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នថែទាំសុខភាព និងខិតខំទប់ស្កាត់ ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីការឆ្លងនិងចម្លងពីមេរោគកូវីដ-19នេះឲ្យបានដាច់ខាត។

       សូមបញ្ជាក់ថា៖តាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ គិតចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកល ពីជំងឺឆ្លងកូវីដ-19 រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះខេត្តបាត់ដំបង មានករណី៖ អ្នកឆ្លងជំងឺកូវីដ -19សរុប ២.០២៩នាក់ បានព្យាបាលជាសះស្បើយសរុប១.១១២នាក់ ករណីស្លាប់សរុប ២១ករណី និង កំពុងសំរាកព្យាបាល ៨៩៦នាក់ ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner