ការកាត់ក្ដីអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងបន្ត ទោះបីមានភាពចលាចលក៏ដោយ
ហួន ឌីណា
ប្រេតូរីយ៉ា៖ ការកាត់ក្ដីលើសំណុំរឿងពុករលួយប្រឆាំងអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma ត្រូវបន្តទៅថ្ងៃចន្ទ បើទោះបីជាមានភាពចលាចល បណ្ដាលមកពីបាតុកម្មតវ៉ារបស់ក្រុមអ្នកគាំទ្រឥស្សរជននយោបាយជើងចាស់រូបនេះក៏ដោយ។
រឿងក្តីរបស់លោក Zuma បានចាប់ផ្តើមនៅក្នុងខែឧសភា បន្ទាប់ពីមានការពន្យារពេលជាច្រើនពីក្រុមមេធាវីរបស់លោកដែលសុំឱ្យទម្លាក់ចោលការចោទប្រកាន់។ លោកត្រូវបានបញ្ជូលទៅពន្ធនាគារកាលពីដើមខែកក្កដា ដោយប្រឈមនឹងការចោទប្រកាន់ចំនួន ១៦ រួមមានការក្លែងបន្លំ និងអំពើរពុករលួយក្នុងកំឡុងពេលលោកស្ថិតនៅជាអនុប្រធានាធិបតីរបស់ប្រទេស។ សំណុំរឿងនេះ ក៏ផ្តោតសំខាន់លើការទិញយន្តហោះចម្បាំង ទូកល្បាត និងឧបករណ៍យោធាពីក្រុមហ៊ុនផលិតអាវុធអ៊ឺរ៉ុបចំនួន ៥ ក្នុងឆ្នាំ ១៩៩៩ ។
តែយ៉ាងណាមិញ អតីតប្រធានាធិបតីអាយុ ៧៩ ឆ្នាំរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដោយថាលោកគ្មានទោសកំហុសអ្វីនោះទេ។ ទោះបែបនេះក្ដី លោកត្រូវបានរកឃើញថាមានពិរុទ្ធភាពពីការមើលងាយតុលាការ ក្រោយមិនបានបង្ហាញខ្លួនតាមការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី ២៩ ខែមិថុនា ដោយត្រូវជាប់ពន្ធធនាគាររយៈពេល ១៥ ខែ។
ការចាប់ខ្លួនលោក Zuma ដាក់ពន្ធនាគារ ក៏បានបង្ករឱ្យមានកុបកម្មផ្ទុះឡើងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក។ មកទល់ពេលនេះ អំពើហិង្សាបានសម្លាប់មនុស្សអស់ជាង ២០០ នាក់ ធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរបន្ថែមទៀត។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa កាលពីថ្ងៃសុក្របាននិយាយថា ភ្នាក់ងារសន្តិសុខបានកំណត់អត្តសញ្ញាណមនុស្សមួយចំនួនដែលត្រូវបានគេសង្ស័យថាជាអ្នកបង្កអំពើហឹង្សា។ លោកជឿជាក់ថា ភាពចលាចលត្រូវបានគេគ្រោងទុក។
ទាក់ទងនឹងសវនាការនៅថ្ងៃចន្ទនេះ ក្រុមអ្នកវិភាគបានព្រមានថា ភាពតានតឹងអាចនឹងកើនឡើងវិញ ក្រោយហាក់ថយចុះកម្ដៅពីសប្ដាហ៍មុន។


ប្រភព៖
- South Africa: Jacob Zuma’s graft trial to resume despite unrest https://www.dw.com/en/south-africa-jacob-zumas-graft-trial-to-resume-despite-unrest/a-58305923