ផ្ទះប្រជាពលរដ្ឋ និងដើមឈើដាំលម្អសួនច្បារ សម្ដេចហ្វាវាំង គង់ សំអុល រងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់ នៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង និងខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងដើមឈើដាំលំអរក្នុងសួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល ជាច្រើនដើម បានរងការខូចខាត កាលពីរសៀលថ្ងៃទី 18 ខែកក្កដា ឆ្នាំ2021 នៅក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់ សួនច្បារសម្ដេចចៅហ៊្វាវាំង គង់ សំអុល ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 19 ខែកក្កដា គេឃើញរដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងចុះលើកដើមឈើដាំឡើងវិញ ដោយទិញបង្គោលឈើមកចង ទប់លំនឹង ដែលមានសរុបចំនួន 21ដើម ក្នុងនោះមានដើមធ្នុង ដើមបេង និងដើមចំប៉ីផងដែរ ។
ក្រៅពីនោះមានដើមឈើធំៗ ចំនួន ២ដើមទៀតដែលមិនអាចលើកដោយដៃបាន ត្រូវរង់ចាំគ្រឿងចក្រមកលើកបញ្ឈរ ហើយជីកដាំឡើងវិញ។ មន្ត្រីជំនាញដែលបានចូលរួម ដាំដើមឈើដែលបានរលំ ចាប់អារម្មណ៍ថា មានដើមឈើខ្លះ ត្រូវបានគេដាំទាំងការ៉ុងដែលវេចខ្ចប់ឬស ដោយមិនស្រាយឬហែកការុងចេញ ធ្វើឲ្យដើមឈើមិនអាចចាក់ឫសបានឡើយ បញ្ហានេះមានការដាក់បន្ទុកដល់អ្នកសាងសង់សួនច្បារផងដែរថា ធ្វើឲ្យតែរួចពីដៃ ហើយដាំមិនជ្រៅ ។
ជុំវិញករណី ភ្លៀងនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ ដែលគិតត្រឹមម៉ោង 2រសៀលថ្ងៃទី 19 ខែកក្កដានេះ សាខាកាកបាទក្រហមនៅមិនទាន់ទទួលទូរលេខសរុបនៅឡើយទេ ប៉ុន្តែបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ផ្ទះចំនួន 5ខ្នងក្នុងឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង រួមទាំសាលាបឋមសិក្សាមួយផងបានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់នេះផងដែរ ។
គួររំលឹកថារដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានប្រកាសស្ដីពីការជូនដំណឹងរបស់ក្រសួងធនធានទឹក ឲ្យមានការប្រុង
ប្រយ័ត្នចំពោះភ្លៀងនិងខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ៕ដោយ សុខ គឹមសៀន



