ថ្ងៃទី២៥កុម្ភៈម្សិលមិញនេះ!! អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២៩ខ្នងទាំងស្រុងក្នុងរាជធានី ព្រមទាំងឆក់យកជីវិតស្ត្រីម្នាក់ផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បើគិតចាប់តាំងពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់វេលាម៉ោង៨យប់ថ្ងៃដដែល លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន២៩ខ្នង ដែលនៅចំណុច៣ទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ព្រមទាំងមានស្ត្រីម្នាក់ស្លាប់ក្នុងភ្នុកភ្លើងផងដែរ ។ បើយោងតាមរបាយការណ៍របស់នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២៩ខ្នងក្នុងរយៈពេលមួយថ្ងៃ ទាំង៣ទីតាំងខាងលើរួមមាន ៖

លើកទី១ កាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះចំនួន១ខ្នង ដែលសង់ថ្មក្រោមឈើលើទំហំ ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ ស្ថិតនៅក្នុងក្រុម១១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆេះបំផ្លាញខេ្ទចទាំងស្រុង ខណៈដែលម្ចាស់ដុតធូបមូសមិនប្រយ័ត្នក៏ឆេះពូក បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ។

លើកទី២ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភើ្លង កែងនឹងផ្លវ២៧៣ ក្រុមទី1R ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង និងឆក់យកជីវិតស្រ្តីម្នាក់ ឈ្មោះ កប មុំ អាយុប្រហែល៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ត្រូវបានឆេះខ្ទេចសាកសពក្នុងភ្នក់ភ្លើង។ ហើយសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អស់ជាង៤០ឡាន ទើបអគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

លើកទី៣ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១២ខ្នង ស្មើនឹង១៩គ្រួសារបន្ថែមទៀត ដែលស្ថិតនៅចំណុចគល់ស្ពានជ្រោលចង្វារត្រើយខាងលិច ក្នុងក្រុមទី២២១ ផ្លូវលេខ៧២ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤៦គ្រឿង បាញ់ទឹកអស់ចំនួន១១១ឡាន រហូតដល់វេលាម៉ោង៨យប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner