ត្រាក់ទ័រ៤គ្រឿងត្រូវចាប់ ជនជាតិវៀតណាម៥នាក់ត្រូវបណ្តេញចេញទៅប្រទេសកំណើតវិញ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ត្រាក់ទ័រឈូសដីចំនួន៤គ្រឿង ដែលគេសង្ស័យថាពុំមានឯកសារចូលមកប្រទេសកម្ពុជា រួមទាំងបំណងឈូសឆាយដីព្រៃ ត្រូវបាននគរបាលកាពារព្រំដែននៃវរៈ៦២១ឃាត់ទុក កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ចំណុចជិតប៉ុស្តិ៍កង់រ៉ូគង់ នាស្រុកអូរាំងខេត្តមណ្ឌលគិរី។ សហគមន៍ជនជាតិដើមឃុំដាក់ដាំថា គេបានឃើញគ្រឿងចក្រចំនួន៤គ្រឿង ឡាន២គ្រឿង រួមទាំងជនជាតិវៀតណាម៦នាក់ បានលួចចូលមកទឹកដីសហគមន៍សមូហភាព ជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុ និងច្បាប់ត្រឹមត្រូវ តែត្រូវសហគមន៍តាមទាន់។

សហគមន៍បន្តថា ក្រុមនេះបញ្ជាក់ថាមានអ្នកមានអំណាច(ឧកញ៉ា ដែលពូកែទិញដីក្នុងឃុំដាក់ដាំ)ជាអ្នកអោយគ្រឿងចក្រមក ដើម្បីឈូសដីព្រៃតំបន់ការពារនេះ។ សហគមន៍បញ្ជាក់ថា ដោយសារមានការជំរុញពីសហគមន៍ខ្លាំងពេក ទើបមានក្រុមប៉ូលីសចំនួន៣ឡាន ចុះមកធ្វើអន្តរាគមន៍ និងធ្វើការឃាត់ទុកនៅប៉ុស្តិ៍កង់រ៉ូឡង់។ ករណីនេះឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់អ្នកកាសែតថាជនជាតិវៀតណាមទាំង៥នាក់ និងត្រូវបញ្ដេញចេញទៅវិញពីព្រោះ ពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ ។ ចំណែកគ្រឿងចក្រចំនួន៤គ្រឿង សមត្ថកិច្ចជំនាញ និងធ្វេីការត្រួតពិនិត្យលេីឯកសារពាក់ព័ន្ធរួច និងធ្វេីការប្រគល់អោយមន្ត្រីគយចាត់ការបន្ត។

លោកស្នងការបានឱ្យដឹងទៀតថា គ្រឿងចក្រនេះ ត្រូវបានគេចល័តមកពីខេត្តរតនៈគិរី ចំណែកជនជាតិវៀតណាមខាងលេី ក៏ឆ្លង់ដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីផងដែរ ។ គ្រឿងចក្រទាំងនេះត្រូវបានគេ យកមកបម្រុងមកធ្វេីសកម្មភាពឆួសព្រៃអោយក្រុមហ៊ុន មីហ្គាហ្វេីស ទាំងមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីជំនាញ។ ប្រធានមន្ទីរកសិកម្មលោក សុង ឃាង នាព្រឹកថ្ងៃទី២៦កុម្ភៈនេះ ពុំអាចស្វែងរកការបញ្ជាក់បាននោះទេ ខណៈប្រព័ន្ធទូរសព្ទទាក់ទងពុំបាន។

ករណីស្រដៀងគ្នា រឿងឈូសកាប់ព្រៃឈើនោះលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងផងដែរថា មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃសីមា មន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្រ្តីនគរបាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលចូលមកកាប់រានដីព្រៃយកជាកម្មសិទ្ធិ ចំណុចភ្នំស្រឡៅ ក្នុងស្រុកអូរាំង កាលពីថ្ងៃទី២៥កុម្ភៈ។

លោក កែវ សុភគ៌ បន្ថែមថា ជនសង្ស័យមានឈ្មោះ សុខ ជា ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូត្រែង ឃុំ ដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងនោះសមត្ថកិច្ច ក៏បានដកហូតវត្ថុតាងរួមមាន៖ រណាយន្តចំនួន០១ គ្រឿង កាំបិតចំនួន ០១ដេីម។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីដើម្បីកសាងសំណុំរឿងទៅតាមនីតិវីធីច្បាប់៕ធ.ដ
ដោយៈសាតចាន់បុត្រ