នៅឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាកើនឡើង០,៩ភាគរយ (មានវីដេអូ)
កម្ពុជា៖ ទោះនៅក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ប៉ុន្តែការនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅតែមានការកើនឡើងនៅក្នុងរយៈពេលមួយឆមាសទីមួយដើមឆ្នាំ២០២១ ។
យោងតាមរបាយការណ៍ពន្ធគយនៅឆមាសទីមួយដើមឆ្នាំ២០២១នេះ បានអោយដឹងថា ការនាំចេញផលិតផលកាត់ដេរមានទឹកប្រាក់ចំនួន៤.៧២១,៤លានដុល្លារ កើនឡើងប្រមាណ ៤០,១លានដុល្លារ ស្មើនឹង០,៩ភាគរយ ។ បើតាមរបាយការណ៍ដដែលនេះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទឹកប្រាក់ចំនួន១.៨៩៩,៧លានដុល្លារ កើនឡើងប្រមាណ៦៣២,៥លានដុល្លារ ស្មើនឹង ៤៩,៩ភាគរយ ។
របាយការណ៍ខាងលើនេះបានអោយដឹងទៀតថា កំណើនល្អប្រសើរនៃការនាំចេញផលិត ផលវិនិយោគ មិនមែនកាត់ដេរបាន ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ៕ ប្រភព៖ រស្មីកម្ពុជា