ប្រមុខការពារជាតិអាមេរិក នឹងធ្វើទស្សនកិច្ចនៅអាស៊ាន ដើម្បីស្វែងរកកិច្ចសម្របសម្រួលពីបញ្ហាសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន​៖​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​អាស៊ាន​មួយ​ចំនួន​រួម​មាន​ សឹង្ហ​បូរី​ វៀតណាម​ និង​ហ្វីលីពីន​ នៅ​ចុង​សប្តាហ៍​នេះ​ ខណៈ​ដែល​ក្រុង​វ៉ាស៊ីនតោន​ ស្វែង​រក​វិធី​សាស្រ្ត​សម្រប​សម្រួល​សម្រាប់​ជុំវិញ​វត្តមាន​ក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។​

បើ​យោង​ទៅ​តាម​លេខាធិការ​មន្ទីរបញ្ចកោណ​លោក​ John Kirby ​​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្រ្តី​រូប​នេះ​ នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​គោល​ជំហរ​របស់​រដ្ឋបាល​​លោក​ បៃដិន​ នៅ​អាស៊ីអាគ្នេយ៍​និង​នៅ​អាស៊ាន​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​ឥណ្ឌូ-ប៉ាស៊ីហ្វិក។​

លោក​និយាយ​ថា​៖​ «​ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​តំបន់​នេះ​ និង​ចំណាប់​អារម្មណ៍​របស់​យើង​ ក្នុង​ការ​ថែរក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​នៅ​ក្នុង​តំបន់​ និង​លើក​កម្ពស់​តម្លៃ​នៃ​អាស៊ាន​»​។​

ប្រទេស​ចិន​ ដែល​កំពុង​សម្លឹង​មើល​ពី​​ប្រយោជន៍​ជុំ​វិញ​អវត្តមាន​របស់​​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​​លោក ​ដូណាល់​ ត្រាំ បាន​នឹង​កំពុង​ផ្លាស់​ប្តូរ​ឥរិយាបទ​​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​​ជុំវិញ​ទំនាស់​ដែន​ទឹក​​ដែល​ខ្លួន​អះអាង​ថា​ជា​របស់​ខ្លួន​។​

ជាមួយ​នឹង​ភាព​តាន​តឹង​ក្នុង​ដែន​សមុទ្រ​ដែល​កំពុង​ផ្ទុះឡើ​ង​ ​ក្រុង​ប៉េកាំង​ចង់​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត​។​ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក​បៃដិន​ លើក​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួយ​ដល់​ការ​សហការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​សម្រាប់​វិធីសាស្រ្ត​បង្រួបបង្រួម​មួយ​ ចំពោះ​គោល​នយោបាយ​ចិន​។​

​កង​កម្លាំង​អាមេរិក​នៅ​ហ្វីលីពីន​ មាន​ភារកិច្ច​ចម្បង​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ ប៉ុន្តែ​មិន​មែន​ជា​ការ​ទប់​ស្កាត់​ដ៏​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ប្រទេស​ចិន​ទេ​នៅ​ពេល​ដែល​អ្វី​ៗ​កើត​ឡើង​នោះ​ទេ​។ ​ដូច្នេះ ​សហរដ្ឋ​អាមេរិក​ទំនង​ជា​នឹង​ស្វែង​រក​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​មូល​ដ្ឋាន​យោធា​នៅ​ហ្វីលីពីន​សម្រាប់​គោល​បំណង​នេះ​។​

កាលានុវត្តភាព​ ឬ​កាលៈទេសៈ​ដ៏​​សម​គួរ​ ក៏​បង្ករ​ភាពងាយស្រួល​​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​វៀតណាម​ និង​សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​ក្រុង​ហាណូយ​កាន់​តែ​ប្រយ័ត្ន​ខ្លាំ​ង​ឡើង​ចំ​ពោះ​ក្រុង​ប៉េកាំង​។​ ចំណែក​ឯ​សិង្ហបុរី​ឯណោះ​វិញ​ កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មាន​អង្គភាព​បញ្ជាកា​រខាង​ដឹក​នាំ​សាស្ត្រ​នៅ​ក្នុង​ប្រទេស​នេះ ​ហើយ​បាន​ដាក់​ពង្រាយ​នាវា​និង​យន្តហោះ​ស៊ើបការណ៍​​សម្រាប់​ល្បាត​ស​មុទ្រ​ចិន​ខាង​ត្បូង​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner