មេដឹកនាំកូរ៉េខាងត្បូងលោក Moon លុបចោលទស្សនកិច្ចទៅតូក្យូ ដោយសំដី «មិនអាចទទួលយកបាន» របស់អ្នកការទូតជប៉ុន

កាល​ពី​ថ្ងៃ​ចន្ទ​​នេះ ​​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Moon Jae-in បាន​ប្រកាស​ថា​លោក​នឹង​មិន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ក្រុង​តូក្យូ​ ហើយ​លុប​ចោល​ផែនការ​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ជា​មួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក​​ Yoshihide Suga​។

​ប្រកាស​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ជា​មួយ​នឹង​ការ​ចេញ​ផ្សាយ​សេចក្ដី​​រាយការណ៍​មួយ​ថា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​មួយ​រូប​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុង​សេអ៊ូល​បាន​និយាយ​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ Moon ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ប្រសើរ​ឡើង​ គឺ​ជា​ការ​ «សម្រេច​កាម​ដោយ​ខ្លួន​ឯង​» របស់​មេដឹកនាំ​កូរ៉េខាងត្បូង​។

ខុទ្ទកាល័យ​លោក​ Moon បាន​និយាយ​ថា​ពួកគេ​មាន​ «ភាព​ស្ទាក់​ស្ទើរ​» អំពី​ដំណើរ​របស់​លោក​ទៅ​តូក្យូ បន្ទាប់​ពី​ការ​អត្ថាធិប្បាយ «​មិន​អាច​ទទួល​យក​បាន​» របស់​អ្នក​ការ​ទូត​ជប៉ុន​ខាង​លើ​។

លោក​ Park Soo-hyun អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​លោក​ Moon ​បាន​និយាយ​ថា​៖ «លោក​ប្រធានាធិបតី​ Moon បាន​សម្រេច​ចិត្ត​មិន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​»​។ លោក​បាន​បន្ថែម​ទៀត​ថា​ភាគី​ទាំង​ពីរ​បាន​រិះរក​វិធី​ដើម្បី​ដោះស្រាយ​ជម្លោះ​ជុំវិញ​បញ្ហា​ប្រវត្តិសាស្ត្រ និង​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ប៉ុន្តែ​មិន​បាន​សម្រេច​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ទេ​។

លោក Park បាន​និយាយ​ថា​៖ «ការ​ពិភាក្សា​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​មេត្រីភាព និង​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​វា​មិន​អាច​ចាត់​ទុក​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ទេ​ ហើយ​យើង​បាន​ធ្វើ​ការ​ពិចារណា​អំពី​កាលៈទេសៈ​ផ្សេង​ទៀត​»​។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga បាន​បដិសេធ​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​សម្រេច​មិន​ចូល​រួម​របស់​លោក​ Moon ប៉ុន្តែ​លោក​បាន​និយាយ​ថា​សម្ដី​របស់​អ្នក​ការ​ទូត​គឺ​ពិត​ជា​ «មិន​សមរម្យ​»​។

ការ​ប៉ះទង្គិច​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ទំនាក់​ទំនង​ដ៏​ផុយ​ស្រួយ​រវាង​ប្រទេស​ទាំង​ពីរ​នេះ ដែល​មាន​ជម្លោះ​លើ​ជុំវិញ​បញ្ហា​ទឹកដី និង​ប្រវត្តិសាស្ត្រ​សង្គ្រាម​ ហើយ​លុប​បំបាត់​ក្ដី​សង្ឃឹម​ព្រឹត្តិការណ៍​អូឡាំពិក​អាច​ផ្ដល់​នូវ​ចំណុច​ចាប់​ផ្ដើម​ថ្មី​មួយ​សម្រាប់​ការ​ស្ដារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​នៅ​ក្នុង​តំបន់​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner