វៀតណាម ព្រមព្រៀងជាមួយអាមេរិកថា មិនទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន
វៀតណាមបានព្រមព្រៀងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកក្កដាថា ខ្លួននឹងមិនទម្លាក់តម្លៃរូបិយប័ណ្ណដុង ហើយសន្យាថានឹងរៀបចំគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឲ្យកាន់តែតម្លាភាពជាងមុន។

ការព្រមព្រៀងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមរវាងលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ង្វៀន ធីហុង (Nguyen Thi Hong) ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម។ ការទម្លាក់តម្លៃរូបិយប័ណ្ណដុង ធ្វើឱ្យវៀតណាមអាចទាញយកចំណេញបានច្រើនពីពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០២០ ចំពេលដែលអាមេរិក និងចិនមានជម្លោះពាណិជ្ជកម្ម និងវិបត្តិជំងឺកូវីដ១៩ វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក បានសេចក្ដីថាវៀតណាមនាំចេញទៅកាន់អាមេរិក ច្រើនជាងនាំចូល ដោយវៀតណាមចំណេញសរុបគិតជាសាច់ប្រាក់នោះគឺប្រមាណក្បែរនឹង ៧ម៉ឺនលានដុល្លារ ដែលជាចំនួនមួយកើនពីស្ថិតិឆ្នាំ២០១៩។
ចំពោះមុខស្ថានភាពនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅក្នុងពេលវេលាចុងក្រោយរបស់ខ្លួន បានចាត់ទុកវៀតណាមថា ជាប្រទេសធ្វើការអន្តរាគមន៍ក្នុងអត្រាប្ដូរប្រាក់ ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មទៀតផង។ យ៉ាងណាមិញ ក្នុងរដ្ឋបាលលោក Joe Biden ខាងសហរដ្ឋអាមេរិក បានចរចាបញ្ចុះបញ្ចូលវៀតណាម រហូតដល់ប្រទេសសង្គមនិយមមួយនេះ ព្រមព្រៀងឈប់ទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន៕