យោធាមីយ៉ាន់ម៉ាគ្រប់ភាគីប្រារព្ធពិធីទុក្ករបុគ្គល ឧទ្ទិសដល់វីរបុរសឯករាជ្យជាតិដោយមិនការចូលរួមរបស់លោកស្រី អ៊ុងសាន ស៊ូជី

កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា​លោកស្រី​ អ៊ុងសាន ស៊ូជី មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រារព្ធ​ពិធី​ទុក្ករបុគ្គល ​រំលឹក​គុណ​ទៅ​ដល់​ឪពុក​របស់​លោកស្រី​គឺ​លោក​ អ៊ុង សាន ​​និង​បុគ្គល​ចំនួន ៨រូប ដែល​ជា​វីរបុរស​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​នេះ​ និង​ជា​សមាជិក​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៃ​ប្រទេស​ភូមា​អំឡុង​ឆ្នាំ១៩៤៧ ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ដោយ​វីរបុរស​ទាំង​នោះ​ត្រូវ​បាន​ក្រុម​គូ​ប្រជែង​នយោបាយ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ១៩៤៧។

នៅ​មីយ៉ាន់ម៉ា ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ដោយ​ឡែក​ៗ​ពី​គ្នា​ដោយ​របប​យោធា និង​ក្រុម​ប្រឆាំង​។ របប​យោធា​បាន​ប្រារព្ធ​នេះ​ទ្រង់ទ្រាយ​ធំ​ ជាមួយ​នឹង​វិធានការ​សុវត្ថិភាព​កូវីដ១៩ នៅ​ទីក្រុង​យ៉ាំងហ្គោន ដែល​ជា​អតីត​រដ្ឋធានី​នៅ​មីយ៉ាន់ម៉ា ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​សាសនា និង​វប្បធម៌ ដែល​ជា​តំណាង​របស់​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​។

ទង់​ជាតិ​មីយ៉ាន់ម៉ា ត្រូវ​បាន​បង្ហូត​ត្រឹម​ពាក់​កណ្ដាល ដែល​ជា​និមិត្តរូប​ក្នុង​ការ​កាន់​ទុក្ខ ខណៈ​នៅ​ម៉ោង ១០៖៣៧ព្រឹក ដែល​ជា​ម៉ោង​ដែល​វីរបុរស​ឯករាជ្យ​ជាតិ​ត្រូវ​បាន​គេ​ធ្វើ​ឃាត សំឡេង​ស៊ីផ្លេ​ឡាន និង​ម៉ូតូ​ត្រូវ​បាន​បន្លឺ​ឡើង​នៅ​ទីក្រុង​ដ៏​ធំ​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​មីយ៉ាន់ម៉ា សាច់ញាតិ​របស់​លោក អ៊ុង សាន ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ ខណៈ​ឯកអគ្គរដ្ឋទូត​ និង​អ្នក​តំណាង​ស្ថានទូត​ប្រទេស​មួយ​ចំនួន​មាន​វត្តមាន​ចូលរួម​ផង​ដែរ​។

យ៉ាងណាមិញ ក្រុម​អ្នក​ប្រឆាំង​នឹង​របប​យោធា​ ដែល​ភាគ​ច្រើន​ជា​យុវជន ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ធំៗ​ដូច​ជា​នៅ​ទីក្រុង​ Monywa និង​ក្រុង​យ៉ាំងហ្គោន​ក្នុង​រយៈ​ពេល​ខ្លី ជាពិសេស​នៅ​ម៉ោង ១០៖៣៧ព្រឹក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner