អាមេរិកចោទចិនថាលួចទិន្នន័យរបស់ក្រុមហ៊ុន Microsoft

វ៉ាស៊ីនតោន​​​៖​  រដ្ឋបាល​លោក​បៃដិន​ កាល​ពី​ថ្ងៃ​ចន្ទនេះ​​ បា​ន​ចោទ​រដ្ឋាភិបាល​ចិន​​​​ ថា​បាន​រំ​លោភ​បំ​ពាន​លើ​ប្រព័ន្ធ​អ៊ីម៉ែល​របស់​ក្រុម​ហ៊ុន​ Microsoft ​ដែល​​ប្រើ​ដោយ​ក្រុមហ៊ុន​ បណ្ដា​​រដ្ឋាភិបាល​ និង​​យោធា​ដ៏​ធំ​បំផុត​របស់​ពិភ​ព​លោក​ ខណៈ​​សហរដ្ឋ​អាមេរិក​ បាន​គៀងគរ​សម្ព័ន្ធ​មិត្ត​ជាច្រើន​​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ី​នធឺណិត​នៅ​ជុំ​វិញ​ពិភព​លោក​។​

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The New York Times ​លោក​​រដ្ឋ​​មន្ត្រី​ការ​បរទេស​ ​Anthony​ J. ​Blinken​ បាន​និយាយ​ថា​ ក្រសួង​សន្តិសុខ​រដ្ឋ​ចិន​ បាន​បង្កើត​ប្រព័ន្ធ​អេកូ​តាម​កិច្ច​សន្យា​ព្រហ្មទណ្ឌ​របស់​ពួក​ហ៊ែកឃឺរ​ (Hacker) ​ដែល​អនុវត្ត​ទាំង​សកម្មភាព​​ឧបត្ថម្ភ​ដោយ​រដ្ឋ​ និង​តាម​អ៊ីនធឺណិត​ ដើម្បី​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​

​យ៉ាង​ណា​មិញ​ សម្ព័ន្ធភាព​​​រួម​មាន​សហភាព​អឺរ៉ុប​ និង​សមាជិក​ទាំង​អស់​របស់​អង្គការ​ណាតូ​​ ហាក់​បាន​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​​ចិន​ជា​លើក​តំបូង​របស់​ខ្លួន​ ដោយ​គូស​បញ្ជាក់​ពី​ឧបសគ្គ​នៃ​ការ​ប្រឈម​មុខ​ជាមួយ​​ប្រទេស​នេះ​។​ អឺរ៉ុប​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​រក​ចំណូល​បាន​ច្រើន​ជាមួយ​​ចិន​ ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​រិះគន់​ជា​សាធារណៈ​នា​ពេល​កន្លង​មក​។​​

​ភាគ​ច្រើន​នៃ​ប្រទេស​សមាជិក​​សហគមន៍​អឺរ៉ុប​ គ្រាន់​តែ​បាន​ចោទ​ប្រកាន់​​ក្រុង​ប៉េកាំង​ថា​បាន​អនុញ្ញាត​ឱ្យ​ពួក​ វាយ​ប្រហារ​​តាមអ៊ីនធឺណែត​ ​​ ធ្វើ​ប្រតិបត្តិការ​ពី​ទឹក​ដី​របស់​ខ្លួន​។​ ​ប៉ុន្តែ​សហរដ្ឋ​អាមេ​រិក​ និង​អង់គ្លេស​ ដែល​មាន​ក្រុម​ហ៊ុន​​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​​ បាន​ឈាន​មួយ​ជំហាន​ទៀត​ ដោយ​ចង្អុល​ចំ​ៗ​លើ​រដ្ឋាភិបាល​ចិន​ ដោយ​បាន​បញ្ជាក់​លម្អិត​អំពី​ទំនាក់​ទំនង​រវាង​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​ចិន​ និង​ពួក​ឧក្រិដ្ឋ​ជន​ វាយ​ប្រហារ​តាមអ៊ីនធឺណែត​ ។​

សេចក្តី​ថ្លែងការណ៍​រួម​ថ្មី​ដែល​រិះគន់​ចិន​នេះ​ ត្រូវ​បាន​ចេញ​ដោយ​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី ​អង់គ្លេស ​កាណាដា​ សហភាព​អឺរ៉ុប​ ជប៉ុន​ និង​នូវែលសេឡង់​។​ វា​ក៏​ជា​សេចក្តី​ថ្លែងការណ៍​ដំបូង​បង្អស់​ពី​អង្គការ​ណាតូ​ ដែល​បាន​កំណត់​គោល​ដៅ​ជា​សាធារណៈ​ដល់​ក្រុង​ប៉េកាំង​ជុំវិញ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​​​ទោះ​បែប​នេះ​ក្ដី​  គ្មាន​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ ត្រូវ​បាន​ប្រកាស​កាល​ថ្ងៃចន្ទ​ប្រឆាំង​នឹង​ប្រទេស​ចិន​នោះ​ទេ​ ផ្ទុយ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​សេតវិមាន​ធ្លាប់​ធ្វើ​លើ​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​មេសា​ នៅ​ពេល​ដែល​ខ្លួន​បាន​ស្តី​បន្ទោស​ប្រទេស​នេះ​ចំពោះ​ការ​វាយ​ប្រហារ​​ SolarWinds​ ដែល​បាន​ប៉ះពាល់​ដល់​ទី​ភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ក្រុមហ៊ុន​ជាង​ ១០០​ ។​ មន្រ្តី​សេតវិមាន​ ហាក់​ដូច​ជា​​ប្រុង​ប្រយ័ត្ន​ជាមួយ​​ចិន​ ដោយ​សារ​តែ​សមត្ថភាព​ក្នុង​ការ​សង​សឹក​របស់​ប្រទេស​នេះ​។​

ទាក់​​ទង​នឹង​រឿង​នេះ ​លោក​ស្រី ​Jen ​Psaki​ លេខាធិការ​សារព័ត៌មាន​សេត​វិមាន​ បាន​និយាយ​ថា​ មិន​មាន​អ្វី​ខុស​ប្លែក​នោះ​ទេ​។​ ​លោក​ស្រី​ថា ​​កាលៈ​ទេសៈ​សេដ្ឋកិច្ច​ ឬ​ការ​ពិចារណា​ណាមួយ​ មិន​បាន​​រារាំង​​សកម្មភាព​របស់​អាមេរិក​នោះ​ឡើយ​។​

​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ​និង​គៀងគរ​សម្ព័ន្ធ​មិត្ត​​ថ្កោល​ទោស​ប្រទេស​ចិន​ រដ្ឋបាល​​លោក​បៃដិន​បាន​ឈាន​ទៅ​រក​សង្គ្រាម​ត្រជាក់​ឌីជីថល ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​សត្រូវ​ភូមិ​សាស្ត្រ​នយោបាយ​សំខាន់​របស់​ខ្លួន​ ជាង​ពេល​ណាៗ​ទាំង​អស់​។​

​សេចក្ដី​ប្រកាស​ដែល​ជាប់​​​ទាក់​ទង​នឹង​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ចិន​ពី​បទ​លួច​កម្មសិទ្ធិ​បញ្ញា​ និង​ទិន្នន័យ​វេជ្ជសាស្រ្ត​ មាន​គោល​បំណង​បង្ហាញ​ថា​ លោក​ខាង​លិច​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​រួម​គ្នា​ដើម្បី​រុញ​បក​វិញ​ ហើយ​មិន​ត្រឹម​តែ​ទៅ​លើ​សកម្មភាព​របស់​ចិន​លើ​ការ​រំលោភបំពាន់​​ក្រុម​ហ៊ុន​ Microsoft ​ប៉ុណ្ណោះ​ទេ​​។​

​កាល​ពី​ខែ​មីនា​ ក្រុម​ហ៊ុន​ Microsoft ​បាន​និយាយ​ថា​ ពួក​ Hacker​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រព័ន្ធ​ Microsoft ​Exchange ​​ដែល​ជា​ម៉ាស៊ីន​មេ​​របស់​ក្រុម​ហ៊ុន​ រក្សា​នៅ​ខាង​ក្នុង​បណ្តាញ​ផ្ទាល់​ខ្លួន​ដើម្បី​ដំណើរ​ការ​កម្ម​វិធី​ Microsoft​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ក្រសួង​សន្តិសុខ​ចិន​។​ តាម​រយៈ​នេះ​ ពួក​ Hacker​ ចិន​ អាច​មើល​អ៊ីម៉ែល​ដោយ​សេរី​ រួម​ទាំង​ទិន្នន័យ​សាជីវកម្ម​សំខាន់​ៗ​​ និង​កម្មសិទ្ធិ​បញ្ញា​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​អាមេរិក​ជាង​ ៣០ ០០០ ​ស្ថាប័ន​។​

សេតវិមាន​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ «​មិន​រើស​មុខ​»​ ពី​ព្រោះ​ជា​ជាង​ផ្តោត​លើ​ក្រុម​ហ៊ុន​ ឬទិ​ន្នន័យ​ជាក់​លាក់​ណា​មួយ ក្រុម​វាយ​ប្រហារ​តាមអ៊ីនធឺណែត​ ​ ​អាច​ចូល​ប្រើ​កុំព្យូទ័រ​ និង​បណ្តាញ​ផ្សេងៗ​ទៀត​រាប់​ពាន់​នៅ​ជុំវិញ​ពិភព​លោក​។ ​ប៉ុន្តែ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​ជា​ការ​លើក​ឡើង​ដំបូង​ដែល​ថា​រដ្ឋាភិបាល​ចិន​​បាន​ជួល​ ឬ​យល់​ព្រម​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​​អនុវត្ត​ការ​លុក​លុយ​។​

កាល​ពី​ថ្ងៃ​ចន្ទ​ដូច​គ្នា​ ទីភ្នាក់ងារ​ FBI ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ និង​ភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត ​និង​​សន្តិសុខ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ​បាន​ចេញ​សេចក្តី​ណែ​នាំ​ថ្មី​មួយ​ ដែល​មាន​ចុះ​បញ្ជី​នូវ​យុទ្ធសាស្ត្រ​បច្ចេកទេស​ និង​ទម្រង់ការ​ចំនួន​ ៥០​ ដែល​ពួក​ Hacker ​ឧបត្ថម្ភ​ដោយ​រដ្ឋ​ចិន​ បាន​ដាក់​ចេញ​ដើម្បី​ប្រើ​ប្រឆាំង​នឹង​បណ្តាញ​សហរដ្ឋ​អាមេរិក​។​

​ជា​ការ​ឆ្លើយ​តាម​ លោក​ Liu Pengyu​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ គឺ​ជា​ «​ការ​វាយ​ប្រហារ​ដោយ​គ្មាន​មូល​ដ្ឋាន​»​។​

លោក​និយាយ​ថា​៖​ «​វា​គ្រាន់​តែ​ជា​ល្បិច​ចាស់​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ​ វា​​គ្មាន​អ្វី​ថ្មី​នោះ​ទេ​»​។ ​

លោក ​Pengyu ​បាន​និយាយ​ទៀត​ថា​ គឺ​សហរដ្ឋ​អាមេរិក​ទេ​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​លុក​តាម​អ៊ីនធឺណិត​ទ្រង់​ទ្រាយ​ ធំ​ មិន​រើស​មុខ​ ដោយ​ខ្លួន​ឯង​។​ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឡើង​ពី​ ការ​បើក​ឱ្យ​ឃើញ​កាល​ពី​ឆ្នាំ​ ២០១៣ ​របស់​លោក​ Edward​ J. ​Snowden​ ជា​អ្នក​ដែល​បាន​បញ្ចេញ​ឯកសារ​​សំខាន់​ៗ​ពី​ខាង​ក្នុង​របស់​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ ដែល​បង្ក​ជា​ការ​ជជែក​ដេញ​ដោល​គ្នាទូ​ទាំង​ពិភព​លោក​អំពី​ការ​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល​។​

​ឯកសារ​ទាំងនោះ​រួម​មាន​ ភ័ស្តុតាង​ដែល​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន​ ​និង​ជា​ចំណុច​ស្នូល​នៃ​ការ​ប្រឈម​មុខ​គ្នា​រវាង​​ក្រុង​ប៉េកាំង​ និង​លោក​ខាង​លិច​។​

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​បាន​​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​ចំនួន​ ៤​ នាក់​ ដែល​ជា​មន្រ្តី​សន្តិសុខ​ ៣​ នាក់​ និង​អ្នក​វាយ​​ប្រហារ​​តាម​អ៊ីនធឺណែត​ម្នាក់​ ដែល​ព្រះរាជ​អាជ្ញា​អះអាង​​ថា​ ពួក​គេ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​សន្តិសុខ​រដ្ឋ​ចិន​នៅ​ក្នុង​យុទ្ធនាការ​ឃុបឃិត​ ដែល​បាន​កំណត់​គោលដៅ​ប្រព័ន្ធ​កុំព្យូទ័រ​រាប់សិប​ រួម​មាន​ក្រុមហ៊ុន​ សាកល​វិទ្យាល័យ​ និង​អង្គភាព​រដ្ឋាភិបាល​ ចន្លោះ​ឆ្នាំ​ ២០១១ ​និង​ឆ្នាំ ​២០១៨ ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner