រដ្ឋបាលខេត្តព្រះសីហនុ គម្រោងបើកដំណើរការផ្សាឡើងវិញនៅចុងខែកក្កដា២០២១
នៅរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានប្រជុំពិភាក្សាគ្នាតាមប្រពន្ធ័អនឡាញដើម្បីបើកផ្សារអោយអាជីវករបានចាប់ផ្តើមប្រកបអាជីវកម្មឡើងវិញបន្ទាប់ពីបានបិទជាច្រើនខែកន្លងមកដោយសារតែជំងឺកូវីដ១៩ឆ្លងរាលដាលនិងបានផ្តល់ផលប៉ះពាល់ដល់ជីវភាពប្រជាជន។ ការបើកផ្សារនៅខេត្តព្រះសីហនុគ្រោងចាប់ផ្តើមនៅចុងខែកក្កដាឆ្នាំ២០២១។អាជីវករតម្រូវអោយអនុវត្តតាមលក្ខខណ្ឌនៃវិធានសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩។
មូលហេតុសំខាន់ៗឈានទៅបើកផ្សារឡើងវិញនេះ៖ ១.ឆ្លើយតបតាមសំណូមពរពីអាជីវករនិងប្រជាជនដែលបាននឹងកំពុងរងផលប៉ះពាល់គឺគ្មានប្រាក់ចំណូលនិងជួបការលំបាកផ្នែកជីវភាពជាដើម។ ២.ដើម្បីស្តារ សេដ្ឋកិច្ច សង្គម តាមគន្លងថ្មីក្នុងបរិបទកូវីដ១៩។ ៣.ដោយសារពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដបានចំនួន២ដូសរួចហើយ។ តាមរយៈការបើកដំណើរការផ្សារឡើងវិញនេះ ស្ថានភាពជីវភាពប្រជាជន អ្នកប្រកបរបររកស៊ីផ្សេងៗនឹងមានប្រភាពប្រសើរឡើងវិញ។
សូមបញ្ជាក់ថា ផ្សារជាច្រើននៅតាមក្រុង/ស្រុកនានានៃខេត្តព្រះសីហនុ ត្រូវបានបិទទ្វារជាបន្តបន្ទាប់ក្រោយពីបានរកឃើញមានអ្នករកស៊ីក្នុងផ្សារទាំងនោះមានឆ្លងជំងឺកូវីដ១៩។