កម្ពុជានឹងទទួលវ៉ាក់សាំង២លានដូសទៀតក្នុងសប្តាហ៍នេះ (Video Inside)
វ៉ាក់សាំង២លានដូសនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម១លាន ដូសនិងវ៉ាក់សាំង AstraZeneca មួយលានដូសផងដែរ។ វ៉ាក់សាំងស៊ីណូហ្វាមមួយលានដូស ត្រូវគេរាយការណ៍ ថាគឺជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនដែលនិងដឹកមកដល់នៅថ្ងៃទី២២កក្កដា, ចំណែកវ៉ាក់សាំងមួយលាន ដូសទៀតដែលជាវ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងនៃជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលគ្រោងនឹងដឹកមក ដល់នៅថ្ងៃទី២៣កក្កដា។
កម្ពុជាបច្ចុប្បន្នមានវ៉ាក់សាំងដែលបាននិងកំពុងប្រើ ប្រាស់ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំង ១៥លាន៧សែនដូសគឺជាវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន និងវ៉ាក់សាំង៣២ម៉ឺន៤ពាន់ដូស គឺជាវ៉ាក់សាំង AstraZeneca តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់។ បើរាប់ទាំងវ៉ាក់សាំង AstraZenecaនៃជំនួយជប៉ុននិង វ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញពីប្រទេសចិនដែលនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ កម្ពុជានឹងមាន វ៉ាក់សាំងសរុប១៨លាន២ម៉ឺន៤ពាន់ដូស ដោយមិនទាន់រាប់បញ្ចូលវ៉ាក់សាំង៤លានដូសថែមទៀតពីប្រទេសចិន ដែលនឹងមកដល់នៅក្នុងខែសីហាខាងមុខនេះឡើយ។
កម្ពុជាក្រៅពីការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុ១៨ឆ្នាំ ឡើងទៅរួច នឹងគ្រោងចាក់លើពលរដ្ឋក្រោមអាយុ១៨ឆ្នាំថែមទៀត។ កុមារវ័យជំទង់អាយុរវាងពី១២ដល់ ១៧ឆ្នាំចំនួនជិត២លាននាក់ ត្រូវប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា នឹងត្រូវ ទទួលបានការចាក់វ៉ាក់សាំងបង្ការ នៅក្នុងឆ្នាំ២០២១នេះ។
គិតមកទល់នឹងថ្ងៃនេះ ការចាក់វ៉ាក់សាំងទូទាំងប្រទេស បានចំនួន ៦លាន២សែន ២ពាន់ ៤១៤នាក់ ដែលស្មើនឹង៦២,០២% នៃចំនួនប្រជាជនគ្រោងចាក់១០លាននាក់, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួច មានចំនួន៤លាន១សែន៩ម៉ឺន៥ពាន់៩៣៤នាក់។