ក្រុមហ៊ុនលក់អាវុធរុស្ស៊ី៖ រុស្ស៊ី និងមីយ៉ាន់ម៉ាកំពុងតែសហការគ្នាយ៉ាងជិតស្និទ្ធពាក់ព័ន្ធនឹងការផ្ទេរបរិក្ខារយោធា
រុស្ស៊ីកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា លើផ្នែកទីផ្សារដោះដូរអាវុធ។ នេះបើតាមការលើកឡើងរបស់លោក Alexander Mikheev ប្រធានក្រុមហ៊ុនលក់អាវុធរបស់រដ្ឋរុស្ស៊ី Rosoboronexport ប្រាប់ទៅកាន់សារព័ត៌មាន Interfax ជាភាសារុស្ស៊ី កាលពីថ្ងៃពុធកន្លងទៅ។

លោក Mikheev បាននិយាយអំឡុងពិធីតាំងពិពណ៌បរិក្ខារយន្តហោះរុស្ស៊ី MAKS-2021 ថា «យើង [រុស្ស៊ី និងមីយ៉ាន់ម៉ា] កំពុងតែសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គត់ផ្គង់បរិក្ខារយោធា ដោយរាប់បញ្ចូលទាំងសម្ភារៈយោធាផ្លូវអាកាសផងដែរ»។
បើយោងតាមការលើកឡើងរបស់ ប្រធានក្រុមហ៊ុនលក់អាវុធមួយនេះ មីយ៉ាន់ម៉ាជាអតិថិជនយ៉ាងសំខាន់របស់ក្រុមហ៊ុន ហើយក៏ជាដៃគូដ៏ធំមួយរបស់ក្រុមហ៊ុនសាជីវកម្មរបស់រដ្ឋរុស្ស៊ី Rostec នៅតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ លោកមិនបានផ្ដល់នូវព័ត៌មានលម្អិតនោះទេ។
ខណៈរុស្ស៊ីផ្អែមល្ហែមជាមួយនឹងយោធាមីយ៉ាន់ម៉ា ដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈកន្លងទៅ សកម្មជនសិទ្ធិមនុស្សមួយចំនួនបានចោទរុស្ស៊ីថា ប្រទេសមានផ្ទៃដីធំជាងគេលើលោកមួយនេះ កំពុងតែផ្ដល់ភាពស្របច្បាប់ទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា៕